ប្រទេសថៃនឹងរៀបចំការបោះឆ្នោត នៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំក្រោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន នៅថ្ងៃចន្ទ (ទី១៥ ខែធ្នូ) នេះ ក្នុងនោះរួមទាំងពីទូរទស្សន៍សាធារណៈ Thai PBS ទូរទស្សន៍ PPTV និងបណ្តាញសារព័ត៌មានឌីជីថល Prachathai ផងដែរ។
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃសុក្រ បានប្រកាសរំលាយសភា បន្ទាប់ពីទទួលបានព្រះរាជានុញ្ញាតជាផ្លូវការពីព្រះមហាក្សត្រថៃ Vajiralongkorn (មហា វិច្ចរ៉ាឡុងកន)។
ចំណាត់ការនេះបានរុញប្រទេសថៃឲ្យចូលទៅក្នុងភាពមិនច្បាស់លាស់ ដោយត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចាំផ្ទះ នៅក្នុងពេលវេលាដែលត្រូវជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ក្នុងរួមទាំងការជាប់គាំងនៅក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលពន្ធគយអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងភាពតានតឹងនៅតាមព្រំដែន។

សារព័ត៌មានរាជវង្សថៃ បានប្រកាសកាលពីថ្ងៃសុក្រ ទី១២ ខែធ្នូ ថា ព្រះមហាក្សត្រថៃ មហា វិច្ចរ៉ាឡុងកន បានរាជានុម័តលើព្រះរាជក្រឹត្យរំលាយសភានេះ ដែលបើកផ្លូវឱ្យមានការបោះឆ្នោតមុនកាលកំណត់ ពោលគឺ បើតាមច្បាប់ ការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេល ៤៥ ទៅ ៦០ ថ្ងៃ។
លោក Anutin គឺជានាយករដ្ឋមន្ត្រីទី៣ ហើយរបស់ថៃ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ មក ហើយអស្ថិរភាពនយោបាយផ្ទៃក្នុងដ៏ចម្រូងចម្រាសបំផុត កំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចដែលកំពុងតែដុនដាបរួចទៅហើយរបស់ប្រទេសនេះ ៕

