អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់កំពុងប្រឈមមុខនឹងភាគីនានាលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ដែលបានបង្ហាញពីកង្វះការគោរពចំពោះការចរចា និងការទូត។
លោក Baghaei បានធ្វើការអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ នៅទីក្រុងតេអេរ៉ង់ នៅពេលឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពនៃការបន្តការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ចំពេលមានការគំរាមកំហែងជាបន្តបន្ទាប់របស់អ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់។
លោកបាននិយាយថា៖«អ៊ីរ៉ង់បានបង្ហាញអំណាចរបស់ខ្លួន នៅក្នុងវិស័យផ្សេងៗគ្នាយ៉ាងល្អ ហើយការទូតគឺជាឧបករណ៍មួយរបស់យើង ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង» ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់នឹងប្រើប្រាស់ការទូត នៅពេលណាដែលចាំបាច់ និងនៅពេលដែលលក្ខខណ្ឌសមស្រប។

លោកបានបញ្ជាក់ថា៖«ទោះជាយ៉ាងណាក៏ដោយ យើងកំពុងប្រឈមមុខនឹងភាគីដែលបានបង្ហាញថា ពួកគេមិនឲ្យតម្លៃលើការចរចា និងការទូត។ អ៊ីរ៉ង់បានរក្សាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឲ្យត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីដោះស្រាយជាមួយព្រឹត្តិការណ៍ និងស្ថានភាពគ្រោះថ្នាក់ណាមួយ»។
លោក Baghaei បាននិយាយថា ភាគីផ្សេងទៀតបានដឹងយ៉ាងច្បាស់អំពីសមត្ថភាព និងលទ្ធភាពរបស់អ៊ីរ៉ង់ ហើយមិនមានភាពមិនច្បាស់លាស់ក្នុងន័យនោះទេ។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាដោយប្រយោលចំនួន ៥លើក ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ កាលពីដើមឆ្នាំនេះ ហើយហៀបនឹងធ្វើលើកទី ៦ នៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើតំបន់ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល៕
