ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន កាន់តែខិតជិតជាងពេលណាៗទាំងអស់ បន្ទាប់ពីក្រុមមេដឹកនាំសំខាន់ៗបានបើកកិច្ចចរចានៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប៉ុន្តែមន្ត្រីជាច្រើនបាននិយាយថា ការខ្វែងគំនិតគ្នាសំខាន់ៗនៅតែមានលើបញ្ហាទឹកដី។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅវិមានប្រធានាធិបតី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោកមានកិច្ចចរចាដ៏យូរ និងល្អណាស់ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងមេដឹកនាំរបស់ប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងអង្គការណាតូ។
លោកថា ពួកលោកកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមមេដឹកនាំអឺរ៉ុប។ ពួកគេក៏ចង់បញ្ចប់សង្គ្រាមនេះដូចគ្នាដែរ។
ពួកលោកបានសន្ទនាជាច្រើនជាមួយប្រធានាធិបតី Vladimir Putin ហើយលោកគិតថាពួកលោកកាន់តែខិតជិតជាងពេលណាៗទាំងអស់ ហើយយើងនឹងមើលឃើញអ្វីដែលយើងអាចធ្វើបាន។
លោក Zelenskyy បាននិយាយថ្មីៗនេះថា ការចរចាជាមួយមេដឹកនាំសហរដ្ឋអាមេរិក និងអឺរ៉ុបគឺពិបាក ប៉ុន្តែមានផ្លែផ្កា។
ការពិភាក្សាកម្រិតខ្ពស់ ដែលពាក់ព័ន្ធនឹងលោក Zelenskyy គណៈប្រតិភូអាមេរិកដឹកនាំដោយប្រេសិតពិសេសលោក Steve Witkoff កូនប្រសាររបស់លោក Trump គឺលោក Jared Kushner និងក្រុមមេដឹកនាំអឺរ៉ុប បានធ្វើឡើងនៅទីក្រុងប៊ែរឡាំងរយៈពេលពីរថ្ងៃ ស្របពេលមានសម្ពាធកាន់តែខ្លាំងពីទីក្រុងវ៉ាស៊ីនតោន ឲ្យទីក្រុងគីវធ្វើសម្បទានដល់ទីក្រុងមូស្គូ ដើម្បីបញ្ចប់ជម្លោះដ៏សាហាវបំផុតមួយរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕


