បណ្ដាមេដឹកនាំអឺរ៉ុប រួមទាំងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កំពុងជួបប្រជុំគ្នានៅទីក្រុងឡាអេ នៅថ្ងៃអង្គារ (១៦ ធ្នូ) នេះ ដើម្បីបង្កើតគណៈកម្មការទាមទារសំណងអន្តរជាតិមួយ ដើម្បីផ្តល់សំណងដល់ទីក្រុងគីវ សម្រាប់ការខូចខាតតម្លៃរាប់រយពាន់លានដុល្លារ ពីការវាយប្រហាររបស់រុស្ស៊ី និងឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់។

សន្និសីទរយៈពេល ១ថ្ងៃនេះ ដែលរៀបចំរួមគ្នាដោយហូឡង់ និងក្រុមប្រឹក្សាអឺរ៉ុបចំនួន ៤៦ប្រទេស ដែលជាក្រុមសិទ្ធិមនុស្សជាន់ខ្ពស់របស់ទ្វីបអឺរ៉ុប នឹងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់រាប់សិបនាក់ រួមទាំងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas ផងដែរ។

រុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយលើផែនការនេះទេ ប៉ុន្តែតែងបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ថា កងកម្លាំងរុស្ស៊ី ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមអំឡុងពេលជម្លោះ។ ប្រទេសរាប់សិបបានបង្ហាញពីការគាំទ្រចំពោះគណៈកម្មការទាមទារសំណងនេះរួចទៅហើយ ដែលទំនងជាមានមូលដ្ឋាននៅទីក្រុងឡាអេ ហើយប្រទេសចំនួន៣៥ គ្រោងចុះហត្ថលេខាលើអនុសញ្ញាមួយក្នុងកិច្ចប្រជុំថ្ងៃអង្គារនេះ។

តម្លៃជាក់ស្ដែងនៃការខូចខាតក្នុងសង្រ្គាមអាយុកាលជាច្រើនឆ្នាំមកនេះ ពុំទាន់ច្បាស់នៅឡើយទេ ប៉ុន្តែធនាគារពិភពលោកបានប៉ាន់ប្រមាណក្នុងឆ្នាំ២០២៤ថា ថ្លៃចំណាយសម្រាប់ការកសាងឡើងវិញក្នុងទសវត្សរ៍ខាងមុខមានចំនួន ៥២៤ពាន់លានដុល្លារ (ប្រមាណ ៤៤៧ ពាន់លានអឺរ៉ូ) ឬជិត ៣ដងនៃទិន្នផលសេដ្ឋកិច្ចរបស់អ៊ុយក្រែន។ គួរបញ្ជាក់ថា តួលេខនោះគឺជាទិន្នន័យគិតរហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប៉ុណ្ណោះ ហើយមិនរាប់បញ្ចូលការខូចខាតដែលបង្កឡើងនៅឆ្នាំ២០២៥នេះទេ នៅពេលការវាយប្រហាររបស់រុស្ស៊ី កើនឡើងកាន់តែកម្រោល ជាផ្នែកមួយនៃយុទ្ធនាការកំណត់គោលដៅលើសេវាប្រើប្រាស់ បណ្ដាញដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន៕