កីឡាជាតិ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីណែនាំស្ដីពីការបង្កើតសហព័ន្ធកីឡាជាតិ ដោយតម្រូវឱ្យគោរពលក្ខខណ្ឌ ៦ចំណុច និងនីតិវិធី ៧ចំណុចទើបអាចបង្កើតសហព័ន្ធកីឡាជាតិបាន។

ដើម្បីរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រង និងការបង្កើតអង្គការសង្គមកីឡាឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជំរុញល្បឿននៃការអភិវឌ្ឍវិស័យកីឡា ស្របតាមគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំឱ្យអ្នកមានបំណងចង់បង្កើតសហព័ន្ធកីឡាជាតិ ត្រូវគោរពលក្ខខណ្ឌ និងនីតិវិធីដូចជា៖ ចំពោះលក្ខខណ្ឌក្នុងការបង្កើតសហព័ន្ធកីឡាជាតិរួមមាន៖ ១. ត្រូវមានលក្ខន្ដិកៈរបស់សហព័ន្ធកីឡាជាតិស្របតាមលក្ខន្ដិកៈសហព័ន្ធកីឡាអន្ដរជាតិ។ ២. ត្រូវមានបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធកីឡាជាតិ។ ៣. ត្រូវមានរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធកីឡាជាតិ។ ៤. ត្រូវមាក្លិបកីឡាយ៉ាងតិចចំនួន ៥។ ៥. ត្រូវមានទីតាំង និងអាសយដ្ឋានច្បាស់លាស់ដែលទទួលស្គាល់ដោយអាជ្ញាធរដែនដី។ ៦. ត្រូវមានលិខិតអនុញ្ញាតឱ្យប្រើប្រាស់ត្រារបស់សហព័ន្ធកីឡាជាតិពីក្រសួងមហាផ្ទៃ។
រីឯនីតិវិធីក្នុងការបង្កើតសហព័ន្ធកីឡាជាតិវិញរួមមាន៖ ១. ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតបង្កើតសហព័ន្ធកីឡាជាតិទៅក្រសួងអប់រំ យុវជន និងកីឡាតាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡា និងអគ្គនាយកដ្ឋានកីឡា។ ២. ក្រសួងអប់រំ យុវជន និងកីឡាចុះត្រួតពិនិត្យលើគោលការណ៍បច្ចេកទេស ផ្អែកតាមលក្ខខណ្ឌខាងលើ។ ៣. ក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាជ្ញាធរកីឡាចេញលិខិតអនុញ្ញាតឱ្យបង្កើតសហព័ន្ធកីឡាជាតិ។ ៤. សហព័ន្ធកីឡាជាតិអាចជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិលើកដំបូង ឬធ្វើសន្និបាតសហព័ន្ធកីឡាជាតិជាផ្លូវការ ដោយមានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ៥. ក្រសួងអប់រំ យុវជន និងកីឡានឹងចេញប្រកាសអនុញ្ញាឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិ បំពេញភារកិច្ចតាមអាណត្តិរបស់ខ្លួន។ ៦. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចេញសេចក្ដីសម្រេចទទួលស្គាល់សហព័ន្ធកីឡាជាតិ។ ៧. សហព័ន្ធកីឡាជាតិត្រូវយកលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងរចនាសម្ព័ន្ធគ្រប់គ្រងមកតម្កល់នៅក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ លី ឈុនឡា