ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានថ្លែងនៅក្នុងកម្មវិធីផ្សាយមួយនៅលើកញ្ចក់ទូរទស្សន៍ Venezolana de Televisionថា ទំនាក់ទំនងយុទ្ធសាស្ត្ររវាងទីក្រុងការ៉ាកាស និងមូស្គូ នឹងបន្តរីកចម្រើន នៅឆ្នាំក្រោយ។

លោកបានចង្អុលបង្ហាញថា៖«យើងបានកំណត់គោលដៅខ្ពស់លើគ្រប់វិស័យទាំងអស់ ដើម្បីធ្វើឲ្យឆ្នាំ ២០២៦ ជាឆ្នាំនៃការអភិវឌ្ឍសម្រាប់ទំនាក់ទំនងយុទ្ធសាស្ត្ររវាងលោកប្រធានាធិបតី ពូទីន និង លោក ម៉ាឌូរ៉ូ និងប្រទេសយើងទាំងពីរ» ដោយលើកឡើងពីការសន្ទនាតាមទូរស័ព្ទកាលពីសប្តាហ៍មុន ជាមួយ មេដឹកនាំរុស្ស៊ី។
លោកម៉ាឌូរ៉ូបានបន្ថែមថា ទីក្រុងការ៉ាកាសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្រិតខ្ពស់រវាងវ៉េណេស៊ុយអេឡា និងរុស្ស៊ី នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៦ ដែលនឹងមានការចូលរួមពី ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Chernyshenko៕
