ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់ម្ចាស់ក្រមហ៊ុន រោងចក្រ សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ គាំទ្រ និងចូលរួមផ្តល់ព័ត៌មានដល់មន្ត្រីធ្វើជំរឿនសេដ្ឋកិច្ច ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីជាប្រយោជន៍ដល់រាជរដ្ឋាភិបាល សម្រាប់រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសារអំពាវនាវ នៃការចាប់ផ្តើមជំរឿនសេដ្ឋកិច្ចលើកទី២ ចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានធ្វើជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១១ និងអង្កេតចន្លោះជំរឿនសហគ្រាសនៅក្នុងឆ្នាំ ២០១៤។
ជុំវិញការធ្វើជំរឿននេះ,លោក សុង ខេងលាង នាយកគ្រប់គ្រងសហគ្រាស ស៊ី អេស អិល បានថ្លែងនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ក្នុងការរៀបចំជំរឿនសេដ្ឋកិច្ច នេះគឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីស្វែងរកទិន្នន័យមួយជាក់លាក់ ឈានទៅរៀបចំចេញជាគោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាល សម្រាប់អភិវឌ្ឍន៍ក្នុងជំហានបន្តបន្ទាប់ ជាពិសេសស្របពេលរាជរដ្ឋាភិបាលកំពុងស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ។
ចំណែក លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងា តាមរយៈការធ្វើជំរឿនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល មិនត្រឹមតែទទួលបានទិន្នន័យសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ ក្នុងនោះប្រសិនបើស្វែងរកឃើញបញ្ហា មានតែរាជរដ្ឋាភិបាលមួយគាត់ជួយដោះស្រាយ។ តាមរយៈជំរឿននេះ លោកជំទាវបានអំពាវដល់សមាជិកទាំងអស់ ចូលរួមឲ្យបានសកម្ម នឹងផ្តល់ព័ត៌មានឲ្យបានជាក់លាក់ជូនដល់មន្រ្តីជំរឿនឲ្យបានទាំងអស់គ្នា។
ការធ្វើជំរឿនសេដ្ឋកិច្ច ជាការងារដ៏ធំ និងមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយជាការងារស្ថិតិពិតប្រាកដ ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យជាចម្បង ដែលមានការកើនឡើងជាលំដាប់របស់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា សម្រាប់ធ្វើជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងជាសូចនាករសំខាន់សម្រាប់ការត្រួតពិនិត្យ តាមដាន ការសម្រេចបាននូវការអនុវត្តកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា, យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការរៀបចំនូវគោលនយោបាយផ្សេងទៀត ជាពិសេសជាកាតាលីករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីប្រទេសកម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចជាមធ្យម ៧%ក្នុងមួយឆ្នាំ រយៈពេល១០ឆ្នាំកន្លងមក៕
សុន រ៉ាឌី