ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (IAEO) កាលពីថ្ងៃចន្ទ (ទី១៥ ខែធ្នូ) បានច្រានចោលការទាមទាររបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែមិថុនា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA បានឲ្យដឹងថា លោក Mohammad Eslami បានប្រាប់ឲ្យដឹងថា ទីក្រុងតេអេរ៉ង់ បានអនុញ្ញាតឲ្យមានការត្រួតពិនិត្យនៅកន្លែងនុយក្លេអ៊ែរដែលមិនត្រូវបានវាយប្រហារ។ លោក Eslami ត្រូវបានដកស្រង់សម្ដី ដែលនិយាយថា៖ «ត្រូវតែមាននីតិវិធី សម្រាប់ការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលត្រូវបានវាយប្រហារ មុនពេលអាចផ្តល់ការអនុញ្ញាតបាន»។

លោកក៏បានរិះគន់ផងដែរដល់ IAEA ចំពោះការបរាជ័យ ក្នុងការថ្កោលទោសការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកបានបន្តថា៖ «ទីភ្នាក់ងារមួយ ដែលមិនចេញការថ្កោលទោស និងគ្មានការណែនាំនោះ គ្មានសិទ្ធិអះអាងថា ខ្លួនមានបំណងត្រួតពិនិត្យឡើយ»។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានបន្ទោស IAEA ម្តងហើយម្តងទៀត ចំពោះការមិនបរិហារការវាយប្រហារលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួន ហើយបានចោទប្រកាន់ទីភ្នាក់ងារនេះថា បានបញ្ជូនព័ត៌មានរសើប អំពីទីតាំងទាំងនោះទៅឲ្យអ៊ីស្រាអែល។
លោក Eslami បានបន្ថែមថា សម្ពាធពីប្រទេសអឺរ៉ុបចំនួន ៣ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល «មិនសំខាន់សម្រាប់យើងទេ ហើយក៏មិនមានផលប៉ះពាល់នោះដែរ»៕
