WFP (កម្មវិធីស្បៀងអាហារពិភពលោក) នៅថ្ងៃអង្គារ (ទី១៦ ខែធ្នូ) នេះ បានឲ្យដឹងថា ជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ស្ថាប័នរបស់អង្គការសហប្រជាជាតិ (UN) មួយនេះ មិនអាចផ្តល់ជំនួយប្រកបដោយប្រសិទ្ធភាពដល់ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ ដែលជួបប្រទះកង្វះអាហារូបត្ថម្ភ ដោយអាត្រាមរណភាព ជាពិសេសក្នុងចំណោមកុមារ អាចនឹងកើនឡើងក្នុងរដូវរងារនេះ។
ជំនួយអន្តរជាតិផ្ដល់ដល់អាហ្វហ្គានីស្ថានដែលហែកហួរដោយសង្រ្គាម បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសនេះ ហើយពួកតាលីបង់បានដណ្តើមអំណាចវិញ។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺថា វិបត្តិនេះត្រូវបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារគ្រោះមហន្តរាយធម្មជាតិជាច្រើន ដូចជាការរញ្ជួយដីជាដើម។
អមដោយការបន្ថែមថា ស្ថាប័នត្រូវការជាង ៤៦០លានដុល្លារ ដើម្បីផ្តល់ជំនួយស្បៀងអាហារដល់ប្រជាជនអាហ្វហ្គានីស្ថានងាយរងគ្រោះបំផុតចំនួន ៦លាននាក់ ទីភ្នាក់ងារនេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ WFP មិនអាចចាប់ផ្តើមប្រតិបត្តិការឆ្លើយតបរដូវរងា ខណៈពេលដែលក៏បង្កើនផងដែរនូវជំនួយសង្គ្រោះបន្ទាន់ និងអាហារូបត្ថម្ភ នៅទូទាំងប្រទេស»។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «ដោយកង្វះអាហារូបត្ថម្ភរបស់កុមារ ស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ និងការថយចុះដែលមិនធ្លាប់មានពីមុនមក នៅក្នុងមូលនិធិ (អន្តរជាតិ) សម្រាប់ទីភ្នាក់ងារដែលផ្តល់សេវាសំខាន់ៗ លទ្ធភាពទទួលបានការព្យាបាល គឺកាន់តែខ្វះខាតខ្លាំងឡើង»។
ទីភ្នាក់ងារ បានឲ្យដឹងទៀតថា ការស្លាប់របស់កុមារ ទំនងជាកើនឡើង អំឡុងរដូវរងាដ៏ត្រជាក់របស់អាហ្វហ្គានីស្ថាន នៅពេលដែលអាហារខ្វះខាតខ្លាំងបំផុត។ WFP ប៉ាន់ប្រមាណថា មនុស្ស ១៧លាននាក់ប្រឈមនឹងភាពអត់ឃ្លាន ដោយកើនឡើងប្រហែល ៣លាននាក់ ពីឆ្នាំមុន ដែលការកើនឡើងមួយផ្នែកដោយសារជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ត្រូវបាននិរទេសពីប្រទេសជិតខាងអ៊ីរ៉ង់ និងប៉ាគីស្ថាន ក្រោមកម្មវិធីបញ្ជូនជនអន្តោប្រវេសន៍ និងជនភៀសខ្លួនត្រឡប់វិញ៕


