ប្រទេសលីបង់ បានស្វាគមន៍ រដូវកាលបុណ្យទានជាមួយដើមណូអែលតុបតែងភ្លើងពណ៌ ពេលដែលក្រុមគ្រួសារដើរផ្សារណូអែលនៅទូទាំងប្រទេស សប្បាយរីករាយជាមួយក្តីសង្ឃឹមថា ព្រះជាម្ចាស់នឹងជួយទប់ស្កាត់សង្រ្គាម ។
លោក Randa Farhat គឺជាពលរដ្ឋលីបង់មួយរូប និយាយថា បំណងរបស់ព្រះជាម្ចាស់ ភាពសប្បាយរីករាយនឹងមាននៅគ្រប់ផ្ទះ ហើយអ្នករាល់គ្នាដែលក្រៀមក្រំ ឬឈឺស្កាត់ នឹងជាសះស្បើយ ហើយនិងមានក្តីសង្ឃឹមផងដែរ ។
នៅទីក្រុងតំបន់ឆ្នេរ Byblos និង Batroun មនុស្សម្នា នាំគ្នាឈរថតរូបនៅជិតដើមណូអែលដែលលម្អដោយភ្លើងពណ៌ ។
នៅក្នុងរដ្ឋធានីបេរូតវិញ ហ្វូងមនុស្សបានជួបជុំគ្នានៅជុំវិញដើមណូអែលបំភ្លឺភ្លើងពណ៌យ៉ាងភ្លឺច្បាស់ ពេលដែលបុរសម្នាក់ស្លៀកពាក់ជាលោកតាសាន់តាក្លូស រាំតាមចង្វាក់ភ្លេង ។ ក្មេងៗនាំគ្នាលេង និងចែកអាហារគ្នា ខណៈមនុស្សពេញវ័យ ជជែកគ្នាពីអត្ថន័យនៃរដូវកាលបុណ្យទាននេះ ។
លោក Sabah Keyrouz គឺជាពលរដ្ឋលីបង់ម្នាក់ដែលរៀបរាប់ការតុបតែងលម្អបុណ្យណូអែលនៅជិតវិហារបុរាណ Byblos ថាគួរឲ្យទាក់ទាញ់នោះ និយាយថា ព្រះជាម្ចាស់នឹងអាចទប់ស្កាត់សង្រ្គាម និងនាំអ្នកអវត្តមានត្រឡប់មកវិញ ។
អ៊ីស្រាអែល និងលីបង់ បានយល់ព្រមបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២៤ ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាង ១ឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលបានឈានដល់កម្រិតកំពូលនៃការវាយប្រហាររបស់អ៊ីស្រាអែល ។ ចាប់តាំងពីពេលនោះមក ភាគីទាំង ២ បានចោទប្រកាន់គ្នាទៅវិញទៅមកចំពោះការបំពានបទឈប់បាញ់ ៕