លោកប្រធានាធិបតីTrump កាលពីថ្ងៃអង្គារ១៦ធ្នូសប្ដាហ៍នេះ បានបង្កើនបញ្ជីប្រទេសដែលប្រឈមនឹងបម្រាមធ្វើដំណើរឬការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរលើសទ្វេដងរបស់លោក ដែលធ្វើឱ្យចំនួនប្រទេសសរុបរងផលប៉ះពាល់ដោយការកំណត់ការធ្វើអន្តោប្រវេសន៍ និងចូលប្រទេសនេះឡើងដល់៣៩ ប្រទេស។

បម្រាមធ្វើដំណើរលើកដំបូងរបស់លោក Trump ដែលចេញកាលពីខែមិថុនា រួមមានប្រទេសចំនួន ១៩ ដែលហាមប្រាមទាំងស្រុងនូវការចូលរបស់ជនអន្តោប្រវេសន៍ និងអ្នកដំណើរមកពីប្រទេសអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ ហ្គីណេអេក្វាទ័រ អេរីទ្រី ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។បម្រាមនេះក៏បានផ្អាកមួយផ្នែកចំពោះការចូលរបស់ពលរដ្ឋមកពីប្រទេសប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួមិននីស្ថាន និងវ៉េណេស៊ុយអេឡា ផងដែរ។
សេចក្តីប្រកាសដែលចុះហត្ថលេខាដោយលោក Trump កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបន្ថែមប្រទេសចំនួន៧ទៅក្នុងបញ្ជីរដ្ឋដែលប្រឈមនឹងការរឹតបន្តឹងការចូលប្រទេសពេញលេញដូចជា បួគីណាហ្វាសូ ម៉ាលី នីហ្សេ ឡាវ សៀរ៉ាឡេអូន ស៊ូដង់ខាងត្បូង ស៊ីរី និងប៉ាឡេស្ទីន ។ សេចក្ដីប្រកាសនេះ បានដាក់កំណត់ការចូលដោយផ្នែកលើជនអន្តោប្រវេសន៍ និងអ្នកធ្វើដំណើរមកពីប្រទេសចំនួន១៥ ផ្សេងទៀត រួមមាន អង់ហ្គោឡា អង់ទីហ្គា និងបាប៊ូដា បេនីន កូតឌីវ័រ ដូមីនីកា ហ្គាបុង ហ្គំប៊ី ម៉ាឡាវី ម៉ូរីតានី នីហ្សេរីយ៉ា សេណេហ្គាល់ តង់ហ្សានី តុងហ្គា ហ្សំប៊ី និងហ្ស៊ីមបាបវ៉េ។
ការរឹតបន្តឹងអន្តោប្រវេសន៍ និងការធ្វើដំណើររួមមានករណីលើកលែងមួយចំនួន រួមទាំងសម្រាប់អ្នករស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកមកពីប្រទេសដែលមាននៅក្នុងបញ្ជី និងអត្តពលិក និងបុគ្គលិកដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗដូចជា FIFA World Cup នៅឆ្នាំក្រោយ។ ប៉ុន្តែសេចក្តីប្រកាសកាលពីថ្ងៃអង្គារនោះ ក៏បានលុបចោលករណីលើកលែងមួយផងដែរ ដែលរួមបញ្ចូលនៅក្នុងបម្រាមធ្វើដំណើរខែមិថុនា ដែលបានលើកលែងសម្រាប់ កុមារ ប្តីឬប្រពន្ធ និងឪពុកម្តាយរបស់ពលរដ្ឋអាមេរិក ដែលបានស្នើសុំទិដ្ឋាការក្នុងនាមពួកគេ៕

