សមាជិកសភាអឺរ៉ុបរបស់បារាំង លោក Thierry Mariani បានប្រាប់សារព័ត៌មាន TASS របស់រុស្ស៊ី ក្នុងបទសម្ភាសន៍មួយថា ការប៉ុនប៉ងរបស់សហភាពអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យបង្កករបស់រុស្ស៊ី អាចបង្កភាពស្មុគស្មាញកាន់តែខ្លាំងដល់កិច្ចចរចារវាងរុស្ស៊ី-អាមេរិក ដែលកំពុងដំណើរការលើការដោះស្រាយជម្លោះអ៊ុយក្រែន។

សមាជិកសភាអឺរ៉ុបរូបនេះ បានពន្យល់ថា ខណៈរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងចរចាឆ្ពោះទៅរកការឈានដល់កិច្ចព្រមព្រៀងសន្តិភាព អឺរ៉ុបដែលត្រូវបានដកចេញពីការចូលរួមដោយសារតែជំហរលំអៀងខ្លាំងពេករបស់ទីក្រុងព្រុចសែល បានរកឃើញថាខ្លួនឯងត្រូវបានទុកចោលមួយឡែក។

លោកបន្តថា ដោយសារតែមិនអាចរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកដោយស្របច្បាប់ដោយសារតែច្បាប់ ក្នុងការបោះឆ្នោតនៃការឯកភាពគ្នានៅក្រុមប្រឹក្សាអឺរ៉ុប និងការប្រឆាំងពីបែលហ្ស៊ិក ជាទីដែលទ្រព្យសម្បត្តិចំនួន ១៨០ ពាន់លានអឺរ៉ូត្រូវបានកាន់កាប់ដោយស្ថាប័នផ្ដល់ហិរញ្ញវត្ថុសកល Euroclear ពួកគេបានបង្កើតល្បិចនេះដើម្បីគេចវេះច្បាប់។

អ្នកនយោបាយបារាំងដដែល បានបដិសេធវិធីសាស្រ្តនេះ ដែលលោកថាមិនត្រូវបានគាំទ្រដោយច្បាប់ ឬការពិតការទូតណាមួយឡើយ ថាជារឿងមិនត្រឹមត្រូវ។ លោកខ្លាចថា នេះអាចធ្វើឱ្យកិច្ចពិភាក្សាសន្តិភាពដែលកំពុងដំណើរការដឹកនាំដោយអាមេរិកកាន់តែស្មុគស្មាញ ឬធ្វើឲ្យជម្លោះអូសបន្លាយ។

នៅថ្ងៃទី១២ ខែធ្នូ សហភាពអឺរ៉ុបបានយល់ព្រមបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីដែលមាននៅនៅអឺរ៉ុបដោយគ្មានកំណត់។ គណៈកម្មការអឺរ៉ុបសង្ឃឹមថានឹងទទួលបានការសម្រេចចិត្តក្នុងកិច្ចប្រជុំកំពូលថ្ងៃទី១៨-១៩ ខែធ្នូ ដើម្បីដកហូតទ្រព្យសម្បត្តិរុស្ស៊ីចំនួន ២១០ ពាន់លានអឺរ៉ូ ដែលក្នុងនោះ ១៨៥ ពាន់លានអឺរ៉ូត្រូវបានរារាំងនៅលើវេទិកា Euroclear ក្នុងប្រទេសបែលហ្ស៊ិក។ បែលហ្ស៊ិកប្រឆាំងនឹងការសម្រេចចិត្តនេះ ដោយនិយាយថាវានឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសកលលើស្ថាប័នហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅសហភាពអឺរ៉ុប៕