សមាជិកអឺរ៉ុបនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃអង្គារ (ទី១៦ ខែធ្នូ) បានលើកឡើងពីការវាយប្រហាររបស់ជនជាតិអ៊ីស្រាអែលខុសច្បាប់ជាង ២៦០ករណី ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ក្នុងរយៈពេលតែមួយខែ ដោយថ្កោលទោសអ្វីដែលពួកគេ បានពិពណ៌នាថា ជាកម្រិតនៃអំពើហិង្សា នៅតំបន់កាន់កាប់ West Bank និងទីក្រុង East Jerusalem (ហ៊្សេរុយសាឡឹមខាងកើត)។

អំឡុងពេលថ្លែងតំណាងឲ្យ E5 ដែលមានប្រទេសដាណឺម៉ាក បារាំង ក្រិក ស្លូវេនី និងចក្រភពអង់គ្លេស ឯកអគ្គរដ្ឋទូតអង់គ្លេស លោក James Kariuki បាននិយាយថា ក្រុមប្រឹក្សានឹងជួបប្រជុំ ដើម្បីពិភាក្សាអំពីសេចក្ដីសម្រេចលេខ ២៣៣៤ (Resolution 2334) ដែល «ថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់អ្នកតាំងទីលំនៅ និងអំពាវនាវឲ្យអ៊ីស្រាអែលគោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ»។
លោកបានព្រមានថា «រដ្ឋាភិបាលអ៊ីស្រាអែលបន្តអនុវត្តគោលនយោបាយដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ហើយរួមចំណែកដល់ការកើនឡើងនូវអស្ថិរភាព នៅតំបន់ West Bank» ដោយបន្ថែមថា នេះ «បង្កជាហានិភ័យធ្វើឲ្យខូចដល់ការអនុវត្តផែនការ ២០ចំណុច សម្រាប់តំបន់ហ្កាហ្សា និងការរំពឹងទុកពីការមានដំណោះស្រាយរដ្ឋ២ ក៏ដូចជាសន្តិភាព និងសន្តិសុខរយៈពេលវែង នៅទូទាំងតំបន់នេះ»។
ដោយដកស្រង់ទិន្នន័យពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) លោកឯកអគ្គរដ្ឋទូតរូបនេះ បានបន្ថែមថា៖ «មានការវាយប្រហារជាង ២៦០ករណី លើប្រជាជនប៉ាឡេស្ទីន និងទ្រព្យសម្បត្តិរបស់ពួកគេ នៅក្នុងខែតុលាតែមួយប៉ុណ្ណោះ។ នេះគឺជាការអ្វីដែលគួរឲ្យបារម្ភយ៉ាងខ្លាំង»៕

