ក្រសួងការពារជាតិអាល្លឺម៉ង់ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយប្រកាសពីការដកប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់ខ្លួនចេញពីប្រទេសប៉ូឡូញ និងការវិលត្រឡប់របស់បុគ្គលិកយោធា (កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់) ដែលឈរជើងនៅទីនោះ។
ក្រសួងការពារជាតិអាល្លឺម៉ង់បានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ កំពុងដកប្រព័ន្ធការពារដែនអាកាស Patriot ដែលដាក់ពង្រាយនៅប្រទេសប៉ូឡូញ ដែលមានបំណងការពារដែនអាកាសណាតូ និងមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងទីក្រុង Rzeszow ជិតព្រំដែនជាមួយអ៊ុយក្រែន។ ក្រសួងបានសង្កត់ធ្ងន់ថា៖« បន្ទាប់ពីការប្រគល់ទីបញ្ជាការបេសកកម្មទៅឲ្យដៃគូហូឡង់របស់យើងដោយរលូននៅដើមខែធ្នូ បុគ្គលិកយោធាចុងក្រោយ បានវិលត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ នៅថ្ងៃអង្គារ (ទី ១៦ ខែធ្នូ)»។

នៅចុងខែមករា ប្រទេសអាល្លឺម៉ង់បានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot ចំនួនពីរ និងបុគ្គលិកយោធាចំនួន ២០០ នាក់ ទៅកាន់អាកាសយានដ្ឋាន Rzeszow នៅតាមព្រំដែនជាមួយអ៊ុយក្រែនសម្រាប់រយៈពេល ៦ ខែ។ នៅដើមខែឧសភា នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បានស្នើសុំឲ្យអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ពង្រីកការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot នៅតាមព្រំដែនជាមួយអ៊ុយក្រែន រហូតដល់ចុងឆ្នាំ។ ដូច្នេះ ប្រព័ន្ធការពារដែនអាកាស និងបុគ្គលិកយោធារបស់អាល្លឺម៉ង់ ត្រូវបានដាក់ពង្រាយនៅប្រទេសប៉ូឡូញ រហូតដល់ខែធ្នូ ដោយផ្នែកមួយនៃបេសកកម្មរបស់ពួកគេ គឺធានាការផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន៕
