អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Vershinin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASSថា រុស្ស៊ី និងអាហ្វ្រិកកំពុងលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេឲ្យឈានដល់កម្រិតថ្មីមួយ ដែលនឹងត្រូវធ្វើឲ្យជាផ្លូវការ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៅទីក្រុងគែរ។
លោក Vershinin បានលើកឡើងថា ៖«ការរៀបចំសន្និសីទរដ្ឋមន្ត្រីនៃវេទិកាភាពជាដៃគូរុស្ស៊ី-អាហ្វ្រិក នៅលើដីអាហ្វ្រិកជាលើកដំបូង គឺមានសារៈសំខាន់ជាពិសេស។ វាបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រដ្ឋនានា នៅទ្វីបនេះ ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការបង្កើតរបៀបវារៈរួមគ្នារវាងរុស្ស៊ី-អាហ្វ្រិក។ សព្វថ្ងៃនេះ ទំនាក់ទំនងមិត្តភាពប្រពៃណីរបស់យើងជាមួយអាហ្វ្រិក បានឈានដល់កម្រិតថ្មីមួយ ហើយកំពុងអភិវឌ្ឍតាមគន្លងកើនឡើង»។

លោកបានពិពណ៌នាអំពីព្រឹត្តិការណ៍នៅទីក្រុងគែរថា ជា «ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរុស្ស៊ី-អាហ្វ្រិក» ក្នុងឆ្នាំ២០២៥។ «យើងរំពឹងថា វានឹងផ្តល់សន្ទុះបន្ថែមដល់កិច្ចសហប្រតិបត្តិការរុស្ស៊ី-អាហ្វ្រិកចម្រុះលើមូលដ្ឋានស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ យើងនឹងត្រូវពិនិត្យមើលការងាររួមគ្នា ដែលបានអនុវត្តក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពីសន្និសីទរដ្ឋមន្ត្រីនៅទីក្រុងសូជី និងគូសបញ្ជាក់ពីវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហការបន្ថែមទៀត»។
យោងតាមប្រមុខការទូតរូបនេះបានឲ្យដឹងថា ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគនឹងកាន់កាប់តួនាទីសំខាន់មួយនៅក្នុងរបៀបវារៈ។ លោកបានថ្លែងថា៖«យើងរំពឹងថា ការពិភាក្សានឹងនាំឲ្យមានគំនិតផ្តួចផ្តើមថ្មីៗ ដែលមានគោលបំណងដោះស្រាយបញ្ហាសំខាន់ៗ ទោះបីជាមិនទាន់សម្រេចបានពេញលេញ នៅក្នុងវិស័យទាំងនេះក៏ដោយ៕
