នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ ប្រទេសឥណ្ឌាបានកោះអញ្ជើញស្នងការជាន់ខ្ពស់បង់ក្លាដែស ប្រចាំនៅទីក្រុងញូវដេលី ដើម្បីបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ជុំវិញអ្វីដែលខ្លួនបានពិពណ៌នាថា ជាស្ថានភាពសន្តិសុខកាន់តែអាក្រក់ឡើង នៅក្នុងប្រទេសបង់ក្លាដែស ជាពិសេសការគំរាមកំហែងដែលកំណត់គោលដៅលើបេសកកម្មឥណ្ឌា នៅទីក្រុង Dhaka។
ចំណាត់ការនេះបានកើតឡើងក្នុងរយៈពេល ២ថ្ងៃបន្ទាប់ពីបង់ក្លាដែសបានកោះអញ្ជើញស្នងការជាន់ខ្ពស់ឥណ្ឌា ប្រចាំនៅទីក្រុង Dhaka ដើម្បីតវ៉ា ចំពោះអ្វីដែលខ្លួនហៅថា «សេចក្តីថ្លែងការណ៍បង្កហេតុ» ដែលធ្វើឡើងដោយអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ពីដែនដីរបស់ឥណ្ឌា ដោយព្រមានថា ការកត់សម្គាល់បែបនេះអាចធ្វើឲ្យខូចដល់ដំណើរការបោះឆ្នោតសភានាពេលខាងមុខរបស់ប្រទេស។
បង់ក្លាដែសកំពុងរៀបចំ សម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី១២ ខែកុម្ភៈ ក្រោមរដ្ឋបាលបណ្តោះអាសន្នដែលដឹកនាំដោយម្ចាស់ជ័យលាភីរង្វាន់ណូបែល លោក Muhammad Yunus។ រដ្ឋាភិបាលបណ្តោះអាសន្ននេះ បានចូលកាន់តំណែងបន្ទាប់ពីលោកស្រី Hasina បានភៀសខ្លួនទៅឥណ្ឌា ក្នុងខែសីហា ឆ្នាំ២០២៤ អំឡុងពេលមានការតវ៉ាដ៏ធំ។
ទំនាក់ទំនង រវាងប្រទេសជិតខាង ចាប់ផ្ដើមមានភាពតានតឹង ចាប់តាំងពីលោកស្រី Hasina បានភៀសខ្លួនទៅកាន់ទីក្រុងញូវដេលី ហើយទីក្រុង Dhaka បានស្នើសុំធ្វើបត្យាប័នលោកស្រីម្តងហើយម្តងទៀត។
យោងតាមក្រសួងកិច្ចការបរទេសឥណ្ឌា (MEA) ស្នងការជាន់ខ្ពស់ លោក Riaz Hamidullah ត្រូវបានជូនដំណឹង អំពីសកម្មភាពរបស់ក្រុមជ្រុលនិយមមួយចំនួនដែលតាមសេចក្ដីរាយការណ៍ បានប្រកាសផែនការបង្កើតស្ថានភាពប៉ះពាល់ដល់សន្តិសុខ នៅជុំវិញបេសកកម្មឥណ្ឌា ក្នុងទីក្រុង Dhaka។ ទីក្រុងញូវដេលី បានបញ្ជាក់ថា ការវិវត្តទាំងនេះ គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង៕