នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) នេះ បានសន្យាយ៉ាងមុតមាំថា រដ្ឋាភិបាលនឹងដាក់ចេញនូវច្បាប់ថ្មីដើម្បីបង្ក្រាបភាពស្អប់ខ្ពើមជាតិសាសន៍ បន្ទាប់ពីការបាញ់ប្រហារសម្លាប់រង្គាល លើព្រឹត្តិការណ៍ថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីហ្វ នៅឆ្នេរ Bondi ក្នុងទីក្រុងស៊ីដនី ខណៈសពជនរងគ្រោះទាំង ១៥នាក់ ត្រូវបានបញ្ចុះ។

គួររម្លឹកថា ខ្មាន់កាំភ្លើងជាប់ចោទ ដែលជាឪពុកនិងកូនប្រុស បានបើកការបាញ់ប្រហារ នៅពេលហ្វូងមនុស្សរាប់រយនាក់កំពុងប្រមូលផ្ដុំគ្នាប្រារព្ធពិធីបុណ្យ Hanukkah លើឆ្នេរ Bondi ដ៏ល្បីល្បាញរបស់ទីក្រុងស៊ីដនី កាលពីថ្ងៃអាទិត្យ កន្លងទៅ។ ការវាយប្រហារនេះ ធ្វើឱ្យប្រជាជាតិអូស្រ្តាលី ភ្ញាក់ផ្អើល និងនាំឱ្យមានការភ័យខ្លាចថា ទំនោរប្រឆាំងជនជាតិជ្វីហ្វកើនឡើងកាន់តែខ្លាំង ខណៈអាជ្ញាធរនិយាយថា សោនាដកម្មនេះហាក់ដូចជាត្រូវបានបំផុសគំនិតដោយក្រុមរដ្ឋអ៊ិស្លាម។
អ្នកមួយចំនួនក្នុងសហគមន៍ជ្វីហ្វ បានរិះគន់អូស្រ្តាលី ចំពោះការមិនខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងកំណើនភាពស្អប់ខ្ពើមជនជាតិជ្វីហ្វ ចាប់តាំងពីមានសង្គ្រាមនៅហ្កាហ្សាមក។ លោក Albanese បាននិយាយថា រដ្ឋាភិបាលអូស្រ្តាលី នឹងស្វះស្វែងដាក់ចេញនូវច្បាប់ថ្មី ដែលបង្កភាពងាយស្រួលក្នុងការចោទប្រកាន់ផ្លូវច្បាប់ លើអ្នកដែលលើកកម្ពស់ភាសាស្អប់ខ្ពើមជាតិសាសន៍ និងអំពើហិង្សា។
លោកបន្តថា ការដាក់ពិន័យនឹងត្រូវបានបង្កើន រួមទាំងការលុបចោលឬបដិសេធទិដ្ឋាការ ហើយនឹងបង្កើតអង្គភាពមួយសម្រាប់កំណត់គោលដៅលើអង្គការណា ដែលមេដឹកនាំរបស់ពួកគេចូលរួមក្នុងការផ្សព្វផ្សាយភាពស្អប់ខ្ពើម។ គួរឱ្យដឹងថា រដ្ឋាភិបាលលោក Albanese បានថ្កោលទោសយ៉ាងជាប់លាប់ ចំពោះភាពស្អប់ខ្ពើមប្រឆាំងជនជាតិជ្វីហ្វ ក្នុងពេលពីរឆ្នាំចុងក្រោយនេះ ហើយក៏បានអនុម័តច្បាប់ ដែលផ្ដល់ភាពខុសច្បាប់ដល់ភាសាស្អប់ខ្ពើមជាតិសាសន៍ផងដែរ៕


