លោកប្រធានាធិបតីអាមេរិកDonald Trump នឹងដាក់ចេញផែនការនានាដើម្បីធ្វើឲ្យសហរដ្ឋអាមេរិក កាន់តែខ្លាំងជាងមុន ក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិកាលពីថ្ងៃពុធទី១៧ធ្នូសប្ដាហ៍នេះខណៈប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះដោយសារគោលនយោបាយសេដ្ឋកិច្ចរបស់លោក ។

សុន្ទរកថារបស់លោក Trump ចុងឆ្នាំនៃឆ្នាំដំបូងជាប្រធានាធិបតីរបស់លោកក្នុងអាណត្តិទី២ ក្នុងសេតវិមានពេលនេះ បានកើតមានឡើងស្របពេលមានក្ដីបារម្ភថាក្រុមម្ចាស់ឆ្នោតដែលបានខឹងសម្បាដោយសារតែតម្លៃទំនិញឡើងខ្ពស់ប៉ះពាល់ដល់ជីវភាពរស់នៅ នឹងដកសេចក្ដីទុកចិត្តរបស់ពួកគេក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅឆ្នាំ២០២៦។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សារនៅល្ងាចនេះគឺថា ពួកលោកបានទទួលមរតកនូវភាពរញ៉េរញ៉ៃ ហើយពួកលោកបានធ្វើការងារដ៏អស្ចារ្យមួយ ហើយនៅតែបន្តធ្វើ សហរដ្ឋអាមេរិកនឹងរឹងមាំជាងពេលណាៗទាំងអស់ក្នុងពេលឆាប់ៗនេះ ដោយលោកបានស្ដីបន្ទោសអ្នកកាន់តំណែងមុនរបស់លោកគឺលោក Joe Biden ថាបានធ្វើឲ្យតម្លៃទំនិញលើទីផ្សារឡើងថ្លៃខ្ពស់ ប៉ះពាល់ដល់ប្រជាប្រិយភាពរបស់បក្សសាធារណរដ្ឋរបស់លោក។

លោកបានថ្លែងបែបនេះ បន្ទាប់ពីបានចូលរួមពិធីដ៏ក្រៀមក្រំមួយរំលឹកដល់ការវិលត្រឡប់នៃសាកសពទាហានអាមេរិកពីរនាក់ និងជនស៊ីវិលអាមេរិកម្នាក់ ដែលត្រូវបានបាញ់សម្លាប់ក្នុងប្រទេសស៊ីរីកាលពីចុងសប្តាហ៍មុន។ លោក Trump វ័យ៧៩ឆ្នាំ មកពីគណបក្សសាធារណរដ្ឋរូបនេះ ក៏ត្រូវគេរំពឹងថានឹងបង្ហាញពីគោលនយោបាយរបស់លោកសម្រាប់ឆ្នាំ២០២៦ផងដែរ បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងនៃគោលនយោបាយគាំពារនិយម និងជាតិនិយមនៅដើមអាណត្តិទីពីររបស់លោក។
លោកស្រីការ៉ូឡាញ ឡេវីត (Karoline Leavitt) អ្នកនាំពាក្យសេតវិមាននិយាយថា សុន្ទរកថានេះនឹងផ្តោតលើសមិទ្ធផលប្រវត្តិសាស្ត្ររបស់លោក រួមទាំងការដោះស្រាយអតិផរណា ដែលលោកTrump បានស្តីបន្ទោសអ្នកកាន់តំណែងមុនរបស់លោក គឺលោក Joe Biden មកពីបក្សប្រជាធិបតេយ្យ និងការទប់ស្កាត់អន្តោប្រវេសន៍៕