ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បានជំរុញឱ្យអង្គការសហប្រជាជាតិ «ទប់ស្កាត់ការបង្ហូរឈាមណាមួយ» នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្កើនសម្ពាធលើប្រទេសអាមេរិកខាងត្បូងមួយនេះ។

ប្រធានាធិបតីឆ្វេងនិយមរូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការបិទផ្លូវ «នាវាដឹកប្រេងដែលជាប់ទណ្ឌកម្ម» ចូលឬចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា ថា «អង្គការសហប្រជាជាតិពុំមានវត្តមានឡើយ»។ ស្ថាប័ននេះ ត្រូវតែដើរតួនាទីរបស់ខ្លួនក្នុងការទប់ស្កាត់ការបង្ហូរឈាមណាមួយ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ»។

សហរដ្ឋអាមេរិក រយៈពេលជាច្រើនខែមកនេះ បានបង្កើនការដាក់ពង្រាយយោធានៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ក្នុងគោលដៅប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀននៅអាមេរិកឡាទីន។ ទីក្រុងការ៉ាកាស បានចាត់ទុកប្រតិបត្តិការនេះថាជាយុទ្ធនាការមួយដើម្បីរុញច្រានបុរសខ្លាំងឆ្វេងនិយមជ្រុល លោក Nicolas Maduro ដែលទីក្រុងវ៉ាស៊ីនតោន និងប្រទេសជាច្រើនទៀតចាត់ទុកថាជាប្រធានាធិបតីខុសច្បាប់ និងដើម្បីលួចប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា។
លោកស្រី Sheinbaum បាននិយាយដោយមិនគិតពី «មតិយោបល់» អំពីភាពជាអ្នកដឹកនាំរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ថា ជំហររបស់ប្រទេសម៉ិកស៊ិកគឺច្រានចោល «ការជ្រៀតជ្រែកពីបរទេស»។