យោធាអ៊ីស្រាអែលបើកការវាយប្រហារតាមច្រកអាកាសនៅទូទាំងតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតលីបង់ នៅក្នុងការបំពានស្ទើតែរាល់ថ្ងៃចុងក្រោយនៃបទឈប់បាញ់រយៈពេលជាង ១ឆ្នាំ ។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ថា ការវាយប្រហារទាំងនេះ មានគោលដៅលើតំបន់ al-Jabour, al-Qatrani និងតំបន់ al-Rayhan ស្ថិតនៅភាគខាងត្បូងលីបង់ ក៏ដូចជាតំបន់ Buday និងតំបន់ Hermel នៅជ្រលងភ្នំ Bekaa ភាគខាងកើតលីបង់ ។

អ៊ីស្រាអែល អះអាងថា ពួកគេមានគោលដៅលើទីតាំងប្រតិបត្តិការ និងកន្លែងលាក់អាវុធរបស់ក្រុមហេសបូឡា ដើម្បីដាក់សម្ពាធក្រុមប្រដាប់អាវុធលីបង់មួយនេះ រំសាយអាវុធ ។
ក្រុមហេសបូឡា បដិសេធន៍ទាំងស្រុងការបោះបង់ចោលឃ្លាំងអាវុធ ដរាបណាអ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែក ហើយនិងតំបន់កាន់កាប់នៅលីបង់ ។
ភាពតានតឹងបានកើនឡើងកាលពីរយៈពេលជាច្រើនសប្តាហ៍មុន ពេលដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ដោយបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡាលោក Haytham Ali Tabatabai ។
ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិដែលបានរាយការណ៍កាលពីខែវិច្ឆិកាថា ជនស៊ីវិលយ៉ាងហោច ១២៧នាក់ រួមទាំងកុមារផងដែរ ត្រូវបានសម្លាប់នៅលីបង់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីចុងឆ្នាំ ២០២៤ ៕