ទឹកជំនន់ឡើងកាន់ខ្ពស់ បានបង្ខំឲ្យប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀសចេញ នៅទូទាំងរដ្ឋចំនួន ៦ ក្នុងប្រទេសម៉ាឡេស៊ី ដោយការបង្ហោះនៅលើបណ្តាញសង្គមបង្ហាញឲ្យឃើញផ្ទះសម្បែង និងសាកលវិទ្យាល័យរងការខូចខាត។
នៅម៉ោងប្រហែល ៩ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូនេះ ក្រុមហ៊ុនបណ្ដាញសង្គម បានបង្ហោះឡើងវិញនូវវីដេអូយកពីប្រភពអ្នកស្រុក នៅតំបន់ Gua Musang របស់រដ្ឋ Kelantan ដោយបង្ហាញពីទឹកជំនន់នៅក្នុងផ្ទះមួយខ្នង។ បុគ្គលនៅក្នុងវីដេអូដែលថតនៅម៉ោងប្រហែល ៨:២០ព្រឹក (ម៉ោងក្នុងស្រុក) ជឿថា ទឹកហូរទៅទន្លេ Sungai Lebir ទោះបីជាមិនមានភ្លៀងធ្លាក់ខ្លាំងនាពេលនោះក៏ដោយ។

នៅទីក្រុង Kuantan រដ្ឋ Pahang អ្នកស្រុកម្នាក់ទៀត បានចែករំលែកវីដេអូដែលបង្ហាញពីទឹកឡើងកាន់តែខ្ពស់នៅក្នុងលំនៅឋានរបស់នាង ជាកន្លែងដែលគេឃើញរបស់របរប្រើប្រាស់ក្នុងផ្ទះ ដូចជាធុងហ្គាស និងប្រអប់ស្នោក្លាសេ អណ្តែតពេញក្នុងផ្ទះ។ អ្នកស្រុកខ្លះក៏ត្រូវបានឃើញរើទៅកាន់ទីជម្រកសុវត្ថិភាព ខណៈទឹកឡើងដល់ត្រឹមចង្កេះ។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ នាថ្ងៃទី១៨ ខែធ្នូនេះ គិតត្រឹមថ្ងៃត្រង់ បានឲ្យដឹងថា ការជម្លៀសដោយទឹកជំនន់ បានកើនឡើងដល់ ៩.២៦១នាក់ នៅក្នុងរដ្ឋចំនួន ៦ គឺ Pahang, Terengganu, Johor, Selangor, Kelantan និង Sarawak។ អាជ្ញាធរបានបង្កើតជម្រកបណ្តោះអាសន្នចំនួន ៧៥កន្លែង នៅទូទាំងរដ្ឋចំនួន ៦ នេះ ដើម្បីជួយដល់គ្រួសារដែលរងផលប៉ះពាល់៕
