ក្រសួងការបរទេសរុស្ស៊ី បានប្រាប់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) នេះថា ខ្លួនសង្ឃឹមថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump នឹងមិនធ្វើកំហុសធ្ងន់ធ្ងរ នៅប្រទេសវេណេស៊ុយអេឡា ហើយបានបញ្ជាក់ថា ទីក្រុងមូស្គូមានការព្រួយបារម្ភ អំពីការសម្រេចរបស់សហរដ្ឋអាមេរិក ដែលបានគំរាមកំហែងដល់ការដឹកជញ្ជូនអន្តរជាតិ។
កាលពីថ្ងៃអង្គារ លោក Trump បានបញ្ជាឲ្យ «បិទខ្ទប់» គ្រប់នាវាដឹកប្រេងជាប់ដាក់ទណ្ឌកម្ម ដែលចេញ និងចូលវ៉េណេស៊ុយអេឡា ខណៈដែលទីក្រុងវ៉ាស៊ីនតោន ព្យាយាមបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro។

ការរារាំងកំពុងមានប្រសិទ្ធភាពបន្ទាប់ពីសហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកប្រេងដែលជាប់ទណ្ឌកម្ម នៅម្ដុំឆ្នេរសមុទ្ររបស់វ៉េណេស៊ុយអេឡា កាលពីសប្តាហ៍មុន ដោយនាវាផ្ទុកប្រេងរាប់លានបារ៉ែលសុខចិត្តចតស្ងៀម នៅដែនទឹករបស់វ៉េណេស៊ុយអេឡា ជាជាងប្រឈមនឹងការរឹបអូស។
ក្រសួងរបស់រុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងកត់សម្គាល់ឃើញការបង្កើនជាបន្តបន្ទាប់ និងដោយចេតនានូវភាពតានតឹង ជុំវិញវ៉េណេស៊ុយអេឡា ដែលជាប្រទេសជាមិត្តរបស់យើង។ ការព្រួយបារម្ភជាពិសេស គឺការសម្រេចជាឯកតោភាគី ដែលបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនអន្តរជាតិ»។
ក្រសួងបានបន្ថែមថា៖ «យើងសង្ឃឹមថា រដ្ឋបាលលោក Trump នឹងមិនធ្វើឲ្យមានកំហុសធ្ងន់ធ្ងរនោះឡើយ»៕

