លោក Volodymyr Zelenskyy បានអំពាវនាវដល់ក្រុមមេដឹកនាំសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយជាបន្ទាន់ ដើម្បីយល់ព្រមលើប្រាក់កម្ចីរាប់ពាន់លានអឺរ៉ូ ដែលជាទ្រព្យសកម្មត្រូវបានបង្ករបស់រុស្ស៊ី ក្នុងការផ្តល់ហិរញ្ញប្បទានដល់តម្រូវការយោធា និងសេដ្ឋកិច្ចរបស់អ៊ុយក្រែន។

អ៊ុយក្រែននៅសល់ពេលប៉ុន្មានខែទៀត ដែលនឹងអស់សាច់ប្រាក់ ហើយលោក Zelenskyy បាននិយាយថា បើគ្មានកញ្ចប់ថវិកានៅនិទាឃរដូវទេ អ៊ុយក្រែន នឹងត្រូវកាត់បន្ថយការផលិតយានដ្រូន។

ទ្រព្យសម្បត្តិភាគច្រើនរបស់រុស្ស៊ីដែលមានតម្លៃ២១០ ពាន់លានអឺរ៉ូ ស្មើ ២៤៥ ពាន់លានដុល្លារ នៅក្នុងសហភាពអឺរ៉ុប ត្រូវបានកាន់កាប់ដោយស្ថាប័នហិរញ្ញវត្ថុ Euroclear ដែលមានមូលដ្ឋាននៅបែលហ្ស៊ិក។ រហូតមកដល់ពេលនេះ បែលហ្ស៊ិក និងរដ្ឋជាសមាជិកមួយចំនួនទៀត បាននិយាយថា ពួកគេប្រឆាំងនឹងការប្រើប្រាស់សាច់ប្រាក់នេះជា "ប្រាក់កម្ចីប៉ះប៉ូវការខូចខាត"។
ប្រទេសរុស្ស៊ីបានព្រមានមេដឹកនាំសហភាពអឺរ៉ុបកុំឱ្យប្រើប្រាស់ប្រាក់របស់ខ្លួន ប៉ុន្តែនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ពួកគេត្រូវតែក្រោកឈរឡើងដើម្បីឱកាសនេះ។
កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល បានកើតឡើងនៅពេលវេលាដ៏សំខាន់មួយក្នុងសង្គ្រាម ហើយប្រទេសរុស្ស៊ីបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងស្ថាប័ន Euroclear នៅក្នុងតុលាការទីក្រុងមូស្គូ ក្នុងគោលបំណងដើម្បីទទួលបានប្រាក់របស់ខ្លួនមកវិញ។
លោក Zelenskyy បាននិយាយថា អ៊ុយក្រែនពិតជាកំពុងប្រឈមនឹងឱនភាពចំនួន ៤៥ទៅ៥០ ពាន់លានអឺរ៉ូនៅឆ្នាំក្រោយ ហើយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្ដេជ្ញាថា ពួកគេនឹងមិនចាកចេញពីកិច្ចប្រជុំកំពូលដោយគ្មានដំណោះស្រាយឡើយ៕

