លោក Dmitry Polyansky អនុប្រធានអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានថ្លែង ថា ប្រទេសរុស្ស៊ីមានការព្រួយបារម្ភចំពោះស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសស៊ីរី ដែលនៅតែស្មុកស្មាញ និងបង្ហាញពីនិន្នាការអវិជ្ជមាន។

អ្នកការទូតរុស្ស៊ីរូបនេះ បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខUNស្តីពីប្រទេសស៊ីរីថា៖«បន្ថែមពីលើហានិភ័យនយោបាយខាងក្រៅ និងក្នុងស្រុក ថ្នាក់ដឹកនាំថ្មីរបស់ប្រទេសស៊ីរី កំពុងជួបប្រទះបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច និងមនុស្សធម៌យ៉ាងបន្ទាន់។ យើងមានការព្រួយបារម្ភចំពោះការពិតដែលថា ទោះបីជាមានការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេស និងកិច្ចខិតខំប្រឹងប្រែងរបស់ភ្នាក់ងារអង្គការសហប្រជាជាតិក៏ដោយ ស្ថានភាពមនុស្សធម៌មិនត្រឹមតែនៅតែធ្ងន់ធ្ងរប៉ុណ្ណោះទេ ថែមទាំងបង្ហាញសញ្ញានៃការធ្លាក់ចុះ ជាប្រព័ន្ធទៀតផង»។

«វិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ឡើៗ ហើយឥឡូវនេះមានលក្ខណៈអូសបន្លាយ ដោយប្រាក់ចំណូលពិតប្រាកដធ្លាក់ចុះ និងអសន្តិសុខស្បៀង បានប្រែក្លាយទៅជាកត្តាអស្ថិរភាពជាប់លាប់។ ទាំងអស់នេះ ត្រូវបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងដោយឧប្បត្តិហេតុប្រដាប់អាវុធញឹកញាប់ និងភាពតានតឹងដែលកំពុងបន្តកើតមាន នៅក្នុងខេត្តមួយចំនួន ដែលមានផលប៉ះពាល់យ៉ាងខ្លាំង និងកំណត់លទ្ធភាពទទួលបានទំនិញ និងសេវាកម្មជាមូលដ្ឋានរបស់ប្រជាជនស៊ីរី»។
លោក Polyansky បានលើកឡើងថា កាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ វិបត្តិនៅក្នុងប្រទេសស៊ីរី «បង្ហាញយ៉ាងច្បាស់ពីរបៀបដែលទណ្ឌកម្មឯកតោភាគី ការរឹតត្បិតពាណិជ្ជកម្ម និងវិធានការបង្ខិតបង្ខំផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់ភាពធន់ផ្នែកសេដ្ឋកិច្ច និងដាក់បន្ទុករយៈពេលវែងយ៉ាងធ្ងន់ធ្ងរទៅលើអម្រែករបស់ក្រុមប្រជាជនដែលងាយរងគ្រោះបំផុត»៕