សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា ប្រទេសហុងគ្រី សាធារណរដ្ឋឆែក និងស្លូវ៉ាគី បានបដិសេធមិនចូលរួមក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រាក់កម្ចីគ្មានការប្រាក់ចំនួន ៩០ ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៦-២០២៧។

សេចក្តីថ្លែងការណ៍នេះ បញ្ជាក់ថា៖«ក្រុមប្រឹក្សាអឺរ៉ុបយល់ព្រមផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន ៩០ ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ ២០២៦-២០២៧ ដោយផ្អែកលើការខ្ចីប្រាក់របស់សហភាពអឺរ៉ុបលើទីផ្សារមូលធនដែលគាំទ្រដោយថវិការបស់សហភាពអឺរ៉ុប»។«ការរកៀរគរធនធានណាមួយនៃថវិការបស់សហភាពអឺរ៉ុបជាការធានាសម្រាប់ប្រាក់កម្ចីនេះ នឹងមិនមានផលប៉ះពាល់ដល់កាតព្វកិច្ចហិរញ្ញវត្ថុរបស់សាធារណរដ្ឋឆែក ហុងគ្រី និងស្លូវ៉ាគីទេ»។

ប្រទេសហុងគ្រី និងស្លូវ៉ាគីថែមទាំងបានបដិសេធមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែងការណ៍បានបន្តថា៖«អត្ថបទដែលមានចែងក្នុងឯកសារនេះ ត្រូវបានគាំទ្រយ៉ាងរឹងមាំដោយប្រមុខរដ្ឋ ឬរដ្ឋាភិបាលចំនួន ២៥ រូប»៕