ក្រុមរដ្ឋអ៊ិស្លាម បាននិយាយថា ការសម្លាប់បុគ្គលិកមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ក្នុងទីក្រុងបុរាណ Palmyra នៅប្រទេសស៊ីរី គឺជា ការវាយប្រហារមួយទៅលើកងកម្លាំងអាមេរិក និងក្រុមប្រដាប់អាវុធស៊ីរីដែលប្រឆាំងនឹងខ្លួន នៅក្នុងសេចក្តីអធិប្បាយជាសាធារណៈលើកដំបូងលើហេតុការណ៍នេះ។

យោធាសហរដ្ឋអាមេរិកបាននិយាយថា កងទ័ពអាមេរិក ២នាក់ និងអ្នកបកប្រែជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅពេលជនវាយប្រហារម្នាក់បានកំណត់គោលដៅលើក្បួនរថយន្តកងកម្លាំងអាមេរិក និងស៊ីរី នៅក្នុងទីក្រុង Palmyra ក្រោយមកជននោះត្រូវបានបាញ់សម្លាប់។ ទាហានអាមេរិក ៣នាក់ ក៏បានរងរបួសផងដែរក្នុងហេតុការណ៍នេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅឧប្បត្តិហេតុនេះថា «គួរឱ្យភ័យរន្ធត់» ហើយបានប្ដេជ្ញាសងសឹក។ សហរដ្ឋអាមេរិក មានកងទ័ពឈរជើងនៅភាគឦសានស៊ីរី ជាផ្នែកមួយនៃយុទ្ធនាការរយៈពេល ១ទសវត្សរ៍មកហើយប្រឆាំងនឹងអង្គការភេរវកម្មនេះ ដែលបានគ្រប់គ្រងផ្នែកធំៗនៃប្រទេសស៊ីរី និងអ៊ីរ៉ាក់ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩។
នៅក្នុងអត្ថបទមួយចេញផ្សាយនៅលើបណ្ដាញតេលេក្រាមកាលពីថ្ងៃព្រហស្បតិ៍ ក្រុមរដ្ឋអ៊ិស្លាម បានចោទសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមានមូលដ្ឋាននៅស៊ីរីរបស់ខ្លួនថា បានបង្កើតរណសិរ្សមួយប្រឆាំងនឹងខ្លួន។ ក្រុមភេរវករនេះបានប្រើភាសាសាសនាដ៏ជ្រុលនិយមដើម្បីលាបពណ៌ការវាយប្រហារនេះថាជា ការសម្រេចចិត្តដាច់ណាត់ដែលមានបំណងលុបបំបាត់ការសង្ស័យក្នុងចំណោមអ្នកគាំទ្ររបស់ខ្លួន ប៉ុន្តែមិនបានអះអាងទទួលខុសត្រូវច្បាស់លាស់នោះទេ៕
