បាល់ទាត់៖ ក្លិប Leeds United បានប្រកាសជាផ្លូវការពីការតែងតាំងអតីតគ្រូបង្វឹក Leipzig លោក Jesse Marsch ដើម្បីជំនួសតំណែងលោក Marcelo Bielsa។ គ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះបានចុះហត្ថលេខាដឹកនាំក្លិបនៅ Elland Road មួយនេះដល់ឆ្នាំ២០២៥។

គ្រូបង្វឹកសញ្ជាតិអាមេរិកដែលធ្លាប់ដឹកនាំ New York Red Bulls និង Red Bull Salzburg នោះបានចាកចេញពី Leipzig កាលពីខែធ្នូឆ្នាំមុនក្រោយដឹកនាំបាន ៥ខែ។ Leeds កំពុងឈរលេខ ១៦ ក្នុងតារាងនៅក្របខណ្ឌ English Premier League ពីរពិន្ទុពីលើតំបន់គ្រោះថ្នាក់ បន្ទាប់ពីរងបរាជ័យធ្ងន់ៗប៉ុន្មានប្រកួតចុងក្រោយនេះ។ រំលឹកថា លោក Jesse Marsch បន្ទាប់ពីចាកចេញពី New York Red Bull កាលពីឆ្នាំ២០១៨ បានមកកាន់ Leipzig នៅឆ្នាំ២០១៨ ជាជំនួយការលោក Ralf Rangnick មុនពេលក្លាយជាគ្រូបង្គោលនៅឆ្នាំ២០១៩។ លោក Jesse Marsch ក៏ធ្លាប់មានអាជីពជោគជ័យកាលពីនៅដឹកនាំ RB Salzburg ផងដែរដោយឈ្នះជើងឯកពីរក្នុងរដូវកាលដំបូងរបស់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ