រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់មនុស្សជាង ២០០នាក់ ពីបទបំពានច្បាប់បោះឆ្នោតរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ មុនការបោះឆ្នោតសកលនៅដំណាច់ខែនេះ ជាការដាក់សម្ពាធលើក្រុមប្រឆាំងនៅក្នុងការបោះឆ្នោត ។
ក្រុមអ្នករិះគន់ការបោះឆ្នោតដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែធ្នូខាងមុខនេះ អះអាងថា គ្មានទេការបោះឆ្នោតដោយសេរី ឬយុត្តិធម៌ ហើយការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងគ្រាន់តែបន្ថែមការលាបពណ៌ខាងក្រៅនៃភាពស្របច្បាប់ការគ្រប់គ្រងរបស់យោធាប៉ុណ្ណោះដែលបានចាប់ផ្តើមឡើង ក្រោយយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyiកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ។

ការដណ្តើមអំណាចនេះ បង្កឲ្យមានការប្រឆាំងទ្រង់ទ្រាយធំ ហើយនិងប្រែក្លាយជាសង្រ្គាមស៊ីវិល ដែលធ្វើឲ្យកាន់តែស្មុគស្មាញដល់ការបោះឆ្នោតនៅតាមតំបន់ប្រទាញប្រទង់ជាច្រើន ។ វាស្ថិតក្នុងហេតុផលដែលការបោះឆ្នោតនឹងរៀបចំឡើង ៣ដំណាក់កាល ដែលដំណាក់កាលទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ ហើយដំណាក់ទី ៣ នឹងរៀបចំឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ ។
មាននូវការដាក់ទោសធ្ងន់ធ្ងររហូតដល់ទោសប្រហារជីវិត សម្រាប់អ្នកប្រឆាំង ឬអ្នកធ្វើឲ្យអាក់ខានដល់ការបោះឆ្នោត ក្រោមច្បាប់បោះឆ្នោតដែលត្រូវបានអនុម័តឡើងដោយរបបសឹក ។
យោងតាមសេចក្តីរាយការណ៍ពីកាសែតរដ្ឋមីយ៉ាន់ម៉ា Alinn បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ឯក Tun Tun Naung បាននិយាយប្រាប់ជំនួបកាលពីថ្ងៃអង្គារថា ក្រុមអាជ្ញាធរ បានកំណត់អត្តសញ្ញាណ និងចាត់វិធានការលើមនុស្ស ២២៩នាក់ រួមមានបុរស ២០១ និងស្រ្តី ២៩នាក់ ក្នុងករណីចោទប្រកាន់ប៉ុនប៉ងបំផ្លិចបំផ្លាញដំណើរការបោះឆ្នោត ៕
