សារព័ត៌មានស្រីលង្កា រាយការណ៍ថា នគរបាលស្រីលង្កា បានចាប់ខ្លួនបុរស ៣នាក់ ដែលរងការចោទប្រកាន់ថា បានដុតដំរីព្រៃមួយក្បាលដោយប្រើប្រាស់ភ្លើងគប់ ខណៈព្យាយាមដេញវាចេញទៅឆ្ងាយ ។
រូបភាពវីដេអូឃ្លីបនៃឧបទ្ទេវហេតុនេះ ដែលបានកើតឡើងនៅភូមិមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសស្រីលង្កា បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពេលដែលវាផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានសង្គមក្នុងសប្តាហ៍នេះ ។

បើទោះបីជាទទួលបានការព្យាបាលពីពេទ្យសត្វយ៉ាងណាក្តី ដំរីឈ្មោលមួយក្បាលនេះ បានងាប់កាលពីថ្ងៃអង្គារ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ មានអាយុចន្លោះពី ៤២ឆ្នាំ ដល់ ៥០ឆ្នាំ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ទៀតថា ដំរីឈ្មោលមួយក្បាលនេះ ត្រូវបានគេប្រទះឃើញមានស្នាមរលាកធ្ងន់ធ្ងរ និងរបួសត្រូវគ្រាប់កាំភ្លើងត្រង់ជើង ។ វាត្រូវបានព្យាបាលដោយពេទ្យសត្វជាច្រើនលើក មកហើយ កាលពីដើមឆ្នាំនេះ ។
ករណីដុតដំរីនេះដែរ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងចំណោមក្រុមគាំទ្រសិទ្ធិសត្វ និងអ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គម ។
ញត្តិដែលបានបង្កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទាមទារឲ្យមានការដាក់ទោសជនល្មើស និងវិធានការការពារសកម្មភាបឃោឃៅស្រដៀងគ្នានេះ ទទួលបានហត្ថលេខាជាង ៤០០ ។
ដំរីត្រូវបានចាត់ទុកថាជាសត្វដ៏ពិសិដ្ឋនៅប្រទេសស្រីលង្កា ជាទីដែលភាគច្រើននៃប្រជាពលរដ្ឋគឺជាពុទ្ធបរិស័ទ ។ ដំរីស្រុកតែងតែជាចំណែកមួយនៃពិធីសាសនា ក៏ដូចជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ។
យោងតាមមូលនិធិសត្វព្រៃពិភពលោក បានឲ្យដឹងថា ការសម្លាប់ដំរីនៅក្នុងប្រទេសស្រីលង្កា គឺជាការបំពានមួយដែលអាចដាក់ទោសប្រហារជីវិត ៕
