ទិន្នន័យថ្មីបានបង្ហាញថា អ៊ីស្រាអែលកំពុងវាយប្រហារលីបង់ក្នុងអត្រាស្មើនឹងការវាយប្រហារមួយដងរៀងរាល់ ៤ម៉ោង ទោះបីជាមានការឈានដល់បទឈប់បាញ់ជាងមួយឆ្នាំមុនក៏ដោយ។
ACLED ដែលជាអង្គការតាមដានជម្លោះឯករាជ្យមួយ បានកត់ត្រាការវាយប្រហាររបស់អ៊ីស្រាអែលចំនួន ១.៨៤៦ លើកលើលីបង់ ចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់ជាមួយក្រុមហេសបូឡា។
សារព័ត៌មាន Sky News បានរាយការណ៍ថា ជាមធ្យមមានត្រឹមតែពីរថ្ងៃក្នុងមួយខែ ចាប់តាំងពីពេលនោះមក ដែលមិនបានឃើញការវាយប្រហាររបស់អ៊ីស្រាអែលឡើយ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីស្រាអែលបានបង្កើនការវាយប្រហារឆ្លងកាត់ព្រំដែន ដោយខែធ្នូឃើញជាមធ្យម ៦ដង ក្នុងមួយថ្ងៃ ឬវាយប្រហារម្តងរៀងរាល់ ៤ម៉ោង។ នេះគឺជាល្បឿនលឿនបំផុតនៃការវាយប្រហារដោយអ៊ីស្រាអែល ចាប់តាំងពីខែឧសភាមក។
កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់(UNIFIL) បាននិយាយថា បទឈប់បាញ់ត្រូវបានរំលោភបំពានជាង ១០.០០០ ដង ឬជាមធ្យមរៀងរាល់ ៥៣ នាទីម្តង។
តួលេខនោះរួមបញ្ចូលទាំងសកម្មភាពថ្មើរជើងជាង ២.៥០០ ដង ដោយកងកម្លាំងការពារអ៊ីស្រាអែល និងការរំលោភលើដែនអាកាសលីបង់ជាង ៧.៨០០ ដង ។
UNIFIL បានរកឃើញឃ្លាំងអាវុធ និងគ្រាប់រំសេវជាង ៣៦០ កន្លែង នៅភាគខាងត្បូងនៃទន្លេ Litani។ ទាំងអស់នេះ ត្រូវបានរាយការណ៍ថា ជាការរំលោភលើបទឈប់បាញ់៕
