ប្រជាពលរដ្ឋស៊ីរី បានស្វាគមន៍ចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការលុបចោលទណ្ឌកម្មធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិកដែលបានដាក់លើប្រទេសស៊ីរី ក្រោមរបបរបស់លោកអតីតប្រធានាធិបតី Bashar al-Assad ។
ប្រជាពលរដ្ឋមួយចំនួននៅក្នុងទីក្រុងដាម៉ាស សង្ឃឹមថា ចំណាត់ការនេះ នឹងជំរុញសេដ្ឋកិច្ចស៊ីរី គឺជាអារម្មណ៍មួយដែលត្រូវបានបន្ទរផងដែរដោយម្ចាស់ធុរកិច្ចម្នាក់គឺលោក Ibrahim Karout ។
រដ្ឋមន្រ្តីការបរទេសស៊ីរីលោក Asaad al-Shibani និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា វាគឺជាដំណើរវិវត្តន៍ដ៏វិជ្ជមានមួយសម្រាប់ស៊ីរី និងសម្រាប់ពិភពលោក ។
កាលពីថ្ងៃពុធកន្លងទៅ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកំណែសម្របសម្រួលនៃច្បាប់អនុញ្ញាតការពារជាតិឆ្នាំ ២០២៦ ក្នុងទឹកប្រាក់ជិត ១សែនកោដិដុល្លារ ជាការកំណត់គោលនយោបាយសម្រាប់មន្ទីរបច្ចកោណដែលសភាបានអនុម័តសម្រាប់រយៈពេល ៦៥ឆ្នាំជាប់ៗគ្នា ។
ការផ្តល់ជូននៅក្នុងច្បាប់នេះ បានលុបចោលច្បាប់ Caesar ឆ្នាំ ២០១៩ និងតម្រូវឲ្យមានសេចក្តីរាយការណ៍ទៀងទាត់ពីសេតវិមាន បញ្ជាក់ថារដ្ឋាភិបាលស៊ីរី កំពុងធ្វើសង្រ្គាមជាមួយរដ្ឋអ៊ិស្លាម គោរពសិទ្ធិជនជាតិភាគតិច និងសាសនា នៅក្នុងប្រទេស ហើយមិនត្រូវចាត់វិធានការយោធាឯកតោភាគីញុះញង់ប្រឆាំងនឹងប្រទេសជិតខាងខ្លួននោះទេ រួមទាំងអ៊ីស្រាអែលផងដែរ ។
ការដកទណ្ឌកម្មចេញនេះ ត្រូវបានគេចាត់ទុកថាជារឿងដ៏សំខាន់មួយចំពោះជោគជ័យរបស់រដ្ឋាភិបាលថ្មីស៊ីរី ។
ក្រុមហ៊ុនអារ៉ាប៊ីសាអ៊ូឌីតជាច្រើន មានគម្រោងវិនិយោគប្រាក់រាប់ពាន់លានដុល្លារនៅក្នុងប្រទេសស៊ីរី ដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់ទីក្រុង Riyadh ក្នុងការគាំទ្រការងើបឡើងវិញរបស់ប្រទេសមួយនេះ ។
សូមបញ្ជាក់ថា លោក Trump បានប្រកាសផែនការដកចេញទណ្ឌកម្មទាំងអស់ដែលបានដាក់លើស៊ីរី អំឡុងជំនួបជាមួយប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa កាលពីខែឧសភា ៕