រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានរិះគន់វិធីសាស្រ្ត «មិនទទួលខុសត្រូវ» ដែលអនុម័តដោយប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថា ជា ប្រទេសE3 ចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេសរបស់ខ្លួន គឺលោកស្រី Yvette Cooper។

ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ (ទី ២០ ខែធ្នូ)នេះថា នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ លោក Araghchi បានចង្អុលបង្ហាញថា អ៊ីរ៉ង់ «មិនដែលបដិសេធការចរចា និងការសន្ទនាដែលផ្អែកលើការគោរពសិទ្ធិស្របច្បាប់ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសអ៊ីរ៉ង់ទេ»។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា អ៊ីរ៉ង់នឹងមិនទទួលយកការចរចា ដែលមានគោលបំណងដាក់ការទាមទារជាឯកតោភាគីនោះទេ។

ចំណែកលោកស្រី Cooper បានគូសបញ្ជាក់ពីតម្រូវការក្នុងការងាកទៅរកការទូត ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។
ប្រមុខការទូតទាំងពីរបានបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តការពិគ្រោះយោបល់នៅកម្រិតផ្សេងៗគ្នា ដើម្បីកែលម្អការយោគយល់គ្នាទៅវិញទៅមក។ ពួកគេក៏បានពិភាក្សាអំពីកិច្ចការកុងស៊ុលផងដែរ៕