ភ្នំពេញ ÷ ចាប់ពីថ្ងៃទី១៤ ដល់ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងសុខាភិបាល បានចុះពិនិត្យគាំទ្រមូលដ្ឋានសុខាភិបាល នៅខេត្តតាមព្រំដែន ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យជំនួយ បុិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ឯកឧត្តម អនុរដ្ឋលេខាធិការ ដើម្បីពិនិត្យគាំទ្រ ការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែកក្រឡាញ់ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ទីតាំងមន្ទីរពេទ្យខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ១៦មករា មណ្ឌលសុខភាព ចុងកាល់ គូលែន មណ្ឌលសុខភាព ស្រីស្នំ មណ្ឌលសុខភាព សួនកុមារ មណ្ឌលសុខភាពផ្សារព្រំ និងមណ្ឌលសុវត្ថិភាពជនភៀសសឹកមួយចំនួន។
ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យជំនួយ បុិច សុធី
និងក្រុមការងារបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅតាមខេត្តជាប់ព្រំដែនក្នុងភាពជាទ័ពអាវស ព្រមទាំងបានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំ មណ្ឌលសុខភាព មន្ទីរពេទ្យក្នុងការរៀបចំលំហូរអ្នកជំងឺ ពិសេសសម្រួលដល់ការរៀបចំទីកន្លែង សម្រាប់ព្យាបាលជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដែលមកទទួលសេវាព្យាបាល ប្រកបដោយការពេញចិត្ត និងកក់ក្តៅ។
គ្រប់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តជាប់ព្រំដែន បានចាត់ចែងឱ្យមានក្រុមគ្រូពេទ្យប្រចាំការពិគ្រោះព្យាបាល ផ្ដល់ឱសថ និងបម្រើសេវាសុខាភិបាល នៅគ្រប់មណ្ឌលសុវត្ថិភាពជនភៀសសឹក៕
អត្ថបទ រដ្ឋា
















