ទីក្រុងអូក្លិន (Auckland) ប្រទេសនូវែលហ្សេឡង់៖ វេលាម៉ោង ១៣:០០ នាទីរសៀល ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅនូវែលហ្សេឡង់) ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅគ្រប់ទិសទីនៃប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង៤០០ នាក់ បានរួមគ្នាប្រមូលផ្តុំនៅទីលាន Aotea Square ក្នុង ទីក្រុងអូក្លិន ដើម្បីធ្វើការសម្តែងមតិទាមទាររកយុត្តិធម៌ តវ៉ាថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឈ្លានពានអធិបតេយ្យភាពទឹកដីខ្មែរ និងការបាញ់ប្រហារយ៉ាងឃោរឃៅមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា ដែលបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ក៏ដូចជាបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៉ីវិល ដូចជាស្ពាន ផ្លូវ ថ្នល់ និងអាគារដ្ឋបាលផ្សេងៗ ពីសំណាក់កងទ័ពថៃ។ ការឈ្លានពានដោយខុសច្បាប់អន្តរជាតិរបស់កងទ័ពថៃ មកលេីកម្ពុជា ក៏បានបង្ករឱ្យមានជនភៀសសឹករាប់សែននាក់។
ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសនូវែលហ្សេឡង់ បានរួបរួមគ្នា ដើម្បីបង្ហាញពីស្មារតីស្រឡាញ់សន្តិភាព របស់ប្រជាជនកម្ពុជា ទៅកាន់ពិភពលោក ជាពិសេសជំរុញឱ្យគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព និងទាមទារនូវចំណុចសំខាន់ៗដូចខាងក្រោម៖
- ទាមទាររកយុត្តិធម៌ លេីការបាញ់ប្រហារពីសំណាក់យោធាថៃ មកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា
- ទាមទារឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ យ៉ាងម៉ឺងម៉ាត់
- បញ្ឈប់ជាបន្ទាន់នូវការធ្វើសង្រ្គាមឈ្លានពានមកលើកម្ពុជាដោយរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
- ទាមទារឱ្យថៃដោះលែងទាហានកម្ពុជា ដែលបានចាប់ខ្លួន ដោយឥតលក្ខខណ្ឌ។
សូមបញ្ជាក់ផងដែរថា ក្នុងស្មារតីខ្មែរតែ១ ទោះជាស្ថិតនៅក្រៅប្រទេសពិតមែន ប៉ុន្តែបងប្អូនខ្មែរដែររស់នៅប្រទេសនូវែលហ្សេឡង់ ក៏ដូចជានិស្សិតខ្មែរដែលបន្តការសិក្សានៅទីនេះ ពួកគេបានក្រោកឈរ និងបន្តរួបរួមគ្នាជាឆ្លុងមួយនៅក្នុងគ្រាលំបាកនេះ ដោយបានធ្វើនូវសកម្មភាពប្រមូលមូលនិធិជួយដល់ជនភៀសសឹកជាបន្តបន្ទាប់។










