ក្រុមអ្នកកាន់ទុក្ខបង់ក្លាដែសរាប់ម៉ឺននាក់ រួមទាំងមេដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេះ បានចូលរួមពិធីបុណ្យសពកាលពីថ្ងៃសៅរ៍ ២០ ធ្នូ របស់មេដឹកនាំយុវជន និងជាបេក្ខជនបោះឆ្នោតដែលត្រូវបានសម្លាប់ ស្របពេលមានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង។

លោក Sharif Osman Hadi វ័យ៣២ ឆ្នាំ ជាឥស្សរជនសំខាន់មួយរូបនៅក្នុងការបះបោរដឹកនាំដោយនិស្សិតកាលពីឆ្នាំមុន ដែលបានផ្តួលរំលំនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ត្រូវបានបាញ់ចំក្បាលដោយក្រុមវាយប្រហារបិទមុខ នៅរដ្ឋធានី ដាកា កាលពីសប្តាហ៍មុន ខណៈពេលកំពុងចាប់ផ្តើមយុទ្ធនាការរបស់លោកសម្រាប់ការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ ២០២៦ខាងមុខ ។

លោកបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ១៨ ខែធ្នូ នៅប្រទេសសិង្ហបុរី បន្ទាប់ពីការព្យាយាមជួយសង្គ្រោះជីវិតរយៈពេលប្រាំមួយថ្ងៃ ។

ការស្លាប់របស់លោកបានបង្កឱ្យមានរលកនៃភាពចលាចលនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលរួមមានការវាយប្រហារដោយហ្វូងមនុស្សលើការិយាល័យកាសែត និងស្ថាប័នវប្បធម៌សំខាន់ៗ។
កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយនៅទូទាំងរដ្ឋធានី សម្រាប់ពិធីបុណ្យសពកាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនមានរបាយការណ៍អំពីអំពើហិង្សាថ្មីណាមួយផ្ទុះឡើងនោះទេ៕