ពិភពលោក៖ ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែនបានឈានដល់ថ្ងៃទី៧ ហើយនៅថ្ងៃពុធនេះ ខណៈការវាយប្រហារពីរុស្ស៊ីនៅតែបន្ត។ ការឈ្លានពាន និងការវាយរុលទៅមុខរបស់រុស្ស៊ីបានបង្កឲ្យមានការតវ៉ាប្រឆាំងស្ទើររាល់ថ្ងៃនៅជុំវិញពិភពលោក។

សមាគមអ៊ុយក្រែននៅអាហ្វ្រិកខាងត្បូងបានចេញតវ៉ាដោយស្ងៀមស្ងាត់ នៅខាងក្រៅនាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្នុងទីក្រុង Pretoria របស់ប្រទេសនេះកាលពីថ្ងៃអង្គារ ដោយអំពាវនាវឲ្យរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងថ្កោលទោស ការឈ្លានពានរបស់ទាហានរុស្ស៊ីចូលអ៊ុយក្រែន។ នៅទីក្រុង Tbilisi របស់ប្រទេសហ្ស៊កហ្ស៊ី ពលរដ្ឋហ្ស៊កហ្ស៊ីរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅថ្ងៃទី៥ ជាប់ៗគ្នាអំពាវនាវឲ្យរដ្ឋាភិបាលបង្ហាញសាមគ្គីភាពជាមួយជនជាតិអ៊ុយក្រែន និងថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី ព្រមទាំងចូលរួមការដាក់ទណ្ឌកម្មជាមួយប្រទេសនានាប្រឆាំងនឹងរុស្ស៊ីផងដែរ។ ពលរដ្ឋអ៊ុយក្រែនដែលរស់នៅក្នុងទីក្រុង Irbil ក្នុងតំបន់គ្រប់គ្រងដោយក្រុមឃើដរបស់ប្រទេសអ៊ីរ៉ាក់ បានចេញតវ៉ាតាមដងផ្លូវនានាដើម្បីតវ៉ាប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅខាងមុខមូលដ្ឋានអង្គការសហប្រជាជាតិក្នុងទីក្រុងនេះ ស្រែកខ្លាំងៗ និងក្រវីទង់ជាតិ ខណៈដែលពួកគេបានអំពាវនាវឲ្យលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បញ្ឈប់សង្គ្រាម។

ចំណែកនៅក្នុងប្រទេសអេស្ប៉ាញវិញ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នាក្នុងរដ្ឋធានី Madrid ដើម្បីតវ៉ាប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែនដោយការក្រវីទង់ជាតិ និងបដាផ្សេងៗ។ នៅរដ្ឋធានីអាតែនប្រទេសក្រិកវិញ អ្នកតវ៉ាប្រឆាំងសង្គ្រាមរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃអង្គារ បង្ហាញការគាំទ្រដល់ពលរដ្ឋអ៊ុយក្រែន។ ពួកគេបានកាន់ទង់ជាតិអ៊ុយក្រែន ក្រិក និងសហភាពអឺរ៉ុប និងប័ណ្ណប្រកាស និងបដានានាដោយខ្លះបានយំប្រឆាំងទៅនឹងប្រទេសរុស្ស៊ី និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕
អត្ថបទ៖ សុខមាន