យោងទៅតាមការស្ទង់មតិដែលត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍ បានបង្ហាញថា ការគាំទ្រ ចំពោះនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានបន្តរក្សាលំនឹងក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដែលជាសញ្ញានៃការបន្តការមានប្រជាប្រិយភាពរបស់លោកស្រីយ៉ាងល្អប្រសើរ បើទោះបីជាត្រូវបានប៉ះពាល់ដោយសារជម្លោះជាមួយប្រទេសចិន ជុំវិញការអត្ថាធិប្បាយរបស់លោកស្រី ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ កាលពីខែវិច្ឆិកាក៏ដោយ។
ការស្ទង់មតិដែលត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍នេះ បានបង្ហាញថា អ្នកឆ្លើយតបប្រហែល ៧០ភាគរយ គឺនៅតែគាំទ្រដល់រដ្ឋបាលរបស់លោកស្រី Takaichi។ សារព័ត៌មាន Nikkei បានដាក់កម្រិតប្រជាប្រិយភាពរបស់លោកស្រី ៧៥ភាគរយ Yomiuri ៧៣ភាគរយ និង Kyodo ៦៧,៥ភាគរយ ខណៈដែលសារព័ត៌មាន Asahi និង Mainichi បានដាក់តួលេខក្នុងកម្រិត ៦៨ភាគរយនិង ៦៧ភាគរយ រៀងគ្នា។

លទ្ធផលនៃការស្ទង់មតិ បានតាមដានការបន្តនិន្នាការនេះ ចាប់តាំងពីលោកស្រីបានក្លាយជាស្ត្រីដំបូងគេដែលបានទទួលកាន់តួនាទីកំពូលរបស់ប្រទេសនៅក្នុងខែតុលា។ លោកស្រីបានចូលកាន់តំណែង ស្របពេលដែលឥទ្ធិពលរបស់ប្លុកដែលកំពុងកាន់អំណាច បានចុះខ្សោយដោយសារការបាត់បង់សំឡេងភាគច្រើនក្នុងសភាទាំង២។
ខណៈពេលដែលបន្តរកវិធីបញ្ចប់បញ្ហានានាក្នុងស្រុក ជាពិសេសសេដ្ឋកិច្ច លោកស្រី Takaichi ក៏ត្រូវស្វែងរករបៀបដោះស្រាយជាមួយការខឹងសម្បារបស់ប្រទេសចិនផងដែរ បន្ទាប់ពីលោកស្រីបាននិយាយថា ការលុកលុយរបស់ចិន លើកោះតៃវ៉ាន់ អាចជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» ដែលជាហេតុផលស្របច្បាប់ ដើម្បីឲ្យប្រទេសជប៉ុនដាក់ពង្រាយកងទ័ព ក្នុងគោលបំណងជួយប្រទេសផ្សេងទៀតក្នុងគ្រាអាសន្ន។
ប្រទេសចិនបានប្រឹងប្រែងឲ្យមានការដកការអត្ថាធិប្បាយនោះ ប៉ុន្តែលោកស្រី Takaichi បានបដិសេធមិនធ្វើដូច្នេះទេ ដោយនិយាយថា គោលនយោបាយរបស់ជប៉ុន ចំពោះកោះតៃវ៉ាន់ នៅតែមិនផ្លាស់ប្តូរ។ ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានរិះគន់ខ្លាំងៗលើទីក្រុងតូក្យូ ដោយបានបង្កការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងការទូត ដោយព្រមានពលរដ្ឋរបស់ខ្លួនកុំឲ្យការធ្វើដំណើរទៅជប៉ុន និងបានផ្ញើលិខិតតវ៉ាទៅកាន់អង្គការសហប្រជាជាតិ៕
