រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងធានាបន្តផ្តល់អត្ថប្រយោជន៍ពីកម្មវិធីជូនក្រុមគោលដៅ សំដៅជួយរក្សាលំនឹងជីវភាពរបស់ពួកគាត់។
ការកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីនេះ នឹងអនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ នៅតែបន្តទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដោយលើកលែងការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព ទាំងមុនពេលសម្រាល, ពេលសម្រាល, និងក្រោយពេលសម្រាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ មុនការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងភូមិសាស្រ្តដែលមានជម្លោះព្រំដែន។
ទោះបីមានការលើកលែងលក្ខខណ្ឌខាងលើ មន្ត្រីគាំពារសង្គម លើកទឹកដល់ស្រ្ដីមានផ្ទៃពោះ បន្ដទៅពិនិត្យសុខភាពទាំងម្ដាយ និងកូន នៅមូលដ្ឋានសុខាភិបាលសាធារណៈ ឬទីតាំងពិនិត្យសុខភាពនៅតំបន់ភៀសសឹកដែលបានរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ច៕ អត្ថបទ៖គឹមហុក
