ប្រធានាធិបតីស្លូវ៉ាគី លោក Peter Pellegrini បាននិយាយកាលពីថ្ងៃអាទិត្យ (ទី២១ ខែធ្នូ) ថា ប្រទេសរបស់លោកគាំទ្រការបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន តាមរយៈការចរចា និងស្វាគមន៍ការពាក់ព័ន្ធរបស់លោក Donald Trump នៅក្នុងដំណើរការនេះ ដោយបង្ហាញក្តីសង្ឃឹមថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃសន្តិភាព។
ជាមួយគ្នានេះ អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មានរួមមួយ ក្នុងទីក្រុង Belgrade ប្រទេសស៊ែរប៊ី បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic លោក Pellegrini បានព្រមានថា ការបន្តពន្យារពេលរបស់សហភាពអឺរ៉ុប (EU) ក្នុងដំណើរការបន្ថែមសមាជិករបស់ប្លុក ប្រឈមនឹងហានិភ័យធ្វើឲ្យតំបន់បាល់កង់ខាងលិចលែងមានការជឿជាក់។
លោក Pellegrini បានបញ្ជាក់ថា «EU កំពុងប្រឈមនឹងហានិភ័យធ្វើឲ្យបាត់ការជឿទុកចិត្តរបស់ពលរដ្ឋនៃបណ្ដាប្រទេសបាល់កង់លោកខាងលិច» ដោយលោកបានបន្ថែមថា ការពន្យារពេលការបើកដំណើរការក្រុមចរចារបស់ EU សម្រាប់ប្រទេសស៊ែរប៊ី បង្ហាញពី «ល្បែងនយោបាយរបស់រដ្ឋសមាជិកមួយចំនួន»។

លោក Pellegrini បានព្រមានថា ការពន្យារពេលយូរ អាចនាំឲ្យប្រជាជនក្នុងតំបន់ បោះបង់ទស្សនៈរួបរួមជាមួយអឺរ៉ុបទាំងស្រុង ជាការវិវត្តន៍ដែលលោកបាននិយាយថា នឹងធ្វើឲ្យសន្តិសុខ និងភាពជឿជាក់យូរអង្វែងរបស់ EU ចុះខ្សោយ។
សម្រាប់ការដោះស្រាយជម្លោះ នៅអ៊ុយក្រែន លោកបានបញ្ជាក់ពីជំហររបស់ស្លូវ៉ាគីថា សង្រ្គាមគួរត្រូវបានដោះស្រាយនៅតុចរចា។ ហើយលោកបានកោតសរសើរ ចំពោះការចូលរួមពាក់ព័ន្ធរបស់លោក Trump ក្នុងគំនិតផ្តួចផ្តើមសន្តិភាព និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់ជម្លោះនេះ។ លោកបាននិយាយថា «ខ្ញុំសង្ឃឹមថា ឆ្នាំ២០២៦ អាចជាឆ្នាំនៃសន្តិភាព»៕
