ប្រទេសជប៉ុន បានចាត់វិធានការចុងក្រោយ ដើម្បីអនុញ្ញាតឲ្យចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក នៅថ្ងៃចន្ទ (ទី២២ ខែធ្នូ) ខណៈដែលតំបន់ Niigata បានបោះឆ្នោតឲ្យដំណើរការឡើងវិញ ដែលជាពេលវេលានៃការវិលត្រឡប់របស់ប្រទេសនេះទៅកាន់ថាមពលនុយក្លេអ៊ែរវិញ ដោយមានរយៈពេលជិត ១៥ឆ្នាំបន្ទាប់ពីមានគ្រោះមហន្តរាយ នៅ Fukushima។
រោងចក្រ Kashiwazaki-Kariwa ដែលស្ថិតនៅចម្ងាយប្រហែល ២២០គីឡូម៉ែត្រ នៅភាគពាយព្យនៃទីក្រុងតូក្យូ ស្ថិតក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៥៤ ដែលត្រូវបានបិទ បន្ទាប់ពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បានបំផ្លាញរោងចក្រ Fukushima Daiichi ដែលជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុត គិតចាប់តាំងពីមានហេតុការណ៍ Chernobyl នៅប្រទេសអ៊ុយក្រែន។

ចាប់តាំងពីពេលនោះមក ជប៉ុនបានចាប់ផ្តើមឡើងវិញចំនួន ១៤ម៉ាស៊ីនរ៉េអាក់ទ័រ ក្នុងចំណោម ៣៣ ដែលនៅតែអាចដំណើរការបាន ខណៈដែលខ្លួនប្រឹងប្រែងបញ្ឈប់ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលដែលនាំចូល។ រោងចក្រ Kashiwazaki-Kariwa នឹងក្លាយជារោងចក្រដំបូងគេ ដែលដំណើរការដោយក្រុមហ៊ុន Tokyo Electric Power Co (TEPCO) ជាក្រុមហ៊ុនដែលគ្រប់គ្រងរោងចក្ររងវិនាសកម្ម Fukushima។
នៅថ្ងៃចន្ទនេះ សភារបស់ខេត្ត Niigata បានអនុម័តការបោះឆ្នោតផ្ដល់ទំនុកចិត្ត ចំបោះអភិបាលខេត្ត Niigata លោក Hideyo Hanazumi ដែលបានគាំទ្រការចាប់ផ្តើមឡើងវិញ កាលពីខែមុន ដោយអនុញ្ញាតឲ្យរោងចក្រនេះអាចចាប់ផ្តើមដំណើរការឡើងវិញម្តងទៀតប្រកបដោយប្រសិទ្ធភាព៕
