នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងកាលពីថ្ងៃចន្ទ (២២ ធ្នូ) ថា លោកនឹងលើកយកសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងផែនការដំណាក់កាលបន្ទាប់នៅដែនដីហ្កាហ្សា យកទៅពិភាក្សាក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយនេះ ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីក្រិក និងប្រធានាធិបតីស៊ីប នៅទីក្រុងយេរូសាឡិម លោក Netanyahu បាននិយាយថា អ៊ីស្រាអែលបានដឹងមកថា អ៊ីរ៉ង់បានធ្វើ “សមយុទ្ធ” នាពេលថ្មីៗនេះ ដោយមិនបានពន្យល់លម្អិតនោះទេ។
លោក Netanyahu បាននិយាយទៀតថា "ជាក់ស្តែង បញ្ហាអ៊ីរ៉ង់នេះនឹងក្លាយជាធាតុមួយក្នុងកិច្ចពិភាក្សា" នៅក្នុងជំនួបសប្តាហ៍ក្រោយជាមួយលោក Trump ដោយបន្ថែមថា អ៊ីស្រាអែលមិនចង់បានការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់ទេ ហើយចង់បាន «ស្ថិរភាព វិបុលភាព និងសន្តិភាព» ជំនួសវិញ។
យ៉ាងណាមិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះបានសង្កត់ធ្ងន់ថា បញ្ហាអ៊ីរ៉ង់ជាចំណុចមួយប៉ុណ្ណោះ ប៉ុន្តែការផ្តោតសំខាន់បំផុតនៃកិច្ចពិភាក្សារបស់លោកនៅទីក្រុងវ៉ាស៊ីនតោន គឺទៅលើការឈានទៅដំណាក់កាលបន្ទាប់នៃផែនការសន្តិភាពរបស់លោក Trump នៅតំបន់ហ្កាហ្សា ក៏ដូចជាការដោះស្រាយជាមួយពួកសកម្មប្រយុទ្ធហេសបូឡា នៅប្រទេសលីបង់ ផងដែរ៕


