ក្រុមអ្នកតវ៉ានៅទីក្រុង Tirana ប្រទេសអាល់បានី បានគប់គ្រាប់បែកភ្លើងទៅលើអគាររដ្ឋាភិបាល ជាទីតាំងការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Edi Rama កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ ដោយទាមទារឱ្យរដ្ឋាភិបាលលាលែងពីតំណែង បន្ទាប់ពីរដ្ឋអាជ្ញាបានចោទប្រកាន់ឧបនាយករដ្ឋមន្ត្រីមួយរូប ពីបទពុករលួយ។

ភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសអាល់បានី បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីការចោទប្រកាន់ត្រូវបានធ្វើឡើងប្រឆាំងឧបនាយករដ្ឋមន្ត្រី លោកស្រី Belinda Balluku រួមជាមួយមន្ត្រី និងក្រុមហ៊ុនឯកជនជាច្រើន ដែលលោកស្រី ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់មូលនិធិរដ្ឋដើម្បីគាំទ្រក្រុមហ៊ុនមួយចំនួននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ការិយាល័យរដ្ឋអាជ្ញាពិសេស ដែលមានភារកិច្ចប្រយុទ្ធប្រឆាំងអំពើពុករលួយនិងឧក្រិដ្ឋកម្មរៀបចំទុក បានស្នើសុំឱ្យសភាដកអភ័យឯកសិទ្ធិរបស់លោកស្រី Balluku នៅសប្តាហ៍នេះ និងអនុញ្ញាតឱ្យមានការចាប់ខ្លួនលោកស្រី។
ខណៈក្រុមអ្នកតវ៉ាបានគប់គ្រាប់បែកភ្លើង នគរបាលក្នុងឈុតបង្ក្រាបកុបកម្មបានការពារអគាររដ្ឋាភិបាល ប៉ុន្តែពុំបានរុញច្រានក្រុមអ្នកតវ៉ាទេ។ អ្នកតវ៉ាម្នាក់ បាននិយាយ «វាគ្រប់គ្រាន់ហើយ វាជាបញ្ហានៃការលួចប្រាក់រាប់សិបលានអឺរ៉ូ ហើយលោកស្រីមិនលាលែងពីតំណែងទេ នេះជារឿងដ៏អាម៉ាស់» ។
លោកស្រី Balluku ក៏ដឹកនាំក្រសួងហេដ្ឋារចនាសម្ព័ន្ធផងដែរ ដែលគ្រប់គ្រងប្រាក់រាប់រយលានអឺរ៉ូក្នុងគម្រោងដូចជាផ្លូវថ្នល់ ស្ពាន និងផ្លូវក្រោមដី។