អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃចន្ទថា កម្មវិធី មីស៊ីលរបស់អ៊ីរ៉ង់ ត្រូវបានបង្កើតឡើង ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសនេះ ហើយ«មិនអាចចរចាបានទេ»។

លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ ដើម្បីឆ្លើយតបទៅនឹងសំណួរមួយអំពីថាតើរបាយការណ៍ថ្មីៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិកទាក់ទងនឹងផែនការរបស់អ៊ីស្រា អែលក្នុងការរៀបចំមូលដ្ឋានសម្រាប់សកម្មភាពយោធាថ្មីដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់ថា មានបំណងដាក់សម្ពាធលើប្រទេសនេះ ឲ្យយល់ព្រមចំពោះការចរចាលើកម្មវិធីមីស៊ីលរបស់ខ្លួន។

ដោយដកស្រង់ប្រភពដែលមិនស្គាល់អត្តសញ្ញាណ សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា នៅក្នុងកិច្ចប្រជុំមួយនៅចុងខែនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នឹងព្យាយាមបញ្ជាក់ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)ថា៖«ការពង្រីកកម្មវិធីមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ បង្កការគំរាមកំហែងមួយ ដែលអាចត្រូវការសកម្មភាពយ៉ាងឆាប់រហ័ស»។
លោក Baghaei បាននិយាយថា៖«កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានរចនាឡើង ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសនេះតែប៉ុណ្ណោះ ហើយជាទូទៅមិនមែនជាប្រធានបទនៃការចរចានោះទេ។ សមត្ថភាពការពារជាតិរបស់អ៊ីរ៉ង់ ត្រូវបានបង្កើតឡើង ដើម្បីរារាំងអ្នកឈ្លានពានពីការមានគំនិតវាយប្រហារប្រទេសនេះ ហើយមិនមែនជាអ្វីដែលអាចចរចាបានឡើយ»។
លោកបានរិះគន់ «ភាពលាក់ពុតយ៉ាងច្បាស់លាស់» របស់លោកខាងលិចទាក់ទងនឹងសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា មហាអំណាចលោកខាងលិច និងអ៊ីស្រាអែល កំពុងព្យាយាមបង្ហាញកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ថា ជា «ការគំរាមកំហែង» ខណៈពេលដែលគេមើលឃើញថា អាវុធមួយចំនួនធំកំពុងត្រូវបានដឹកជញ្ជូនទៅឲ្យអ៊ីស្រាអែល៕