ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំពិសេស ទៅបំពេញទស្សនកិច្ចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងគោលបំណងចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបរិយាបន្នរវាង វិទ្យាស្ថានជាតិអប់រំពិសេសជាមួយ សាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ការចូលរួមសិក្ខាសាលាអន្តរជាតិលើកទី៩ ស្តីពី ការអប់រំជនមានតម្រូវការពិសេស និងកម្មវិធីទស្សនកិច្ចការងារមួយចំនួនទៀត។
នៅថ្ងៃទី១៩ ខែធ្នូ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា បានរៀបចំធ្វើឡើងជាផ្លូវការណ៍ ដែលមាន ឯកឧត្តម សេរី ជំនះ តំណាងឱ្យក្រសួងអប់រំ យុវជន និងកីឡា និងភាគីជប៉ុនតំណាងដោយ លោកបណ្ឌិត Mitsuo Ochi ប្រធានសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា។ អនុស្សរណៈនេះ ផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ការជួយពង្រឹងសមត្ថភាពគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំពិសេស ការបង្កើនសមត្ថភាពមន្រ្តីលើជំនាញសិក្សាស្រាវជ្រាវ ការកសាងបណ្តាញបណ្ណាល័យ ការប្រឹក្សាយោបល់ និងសេវាកម្មការងារសម្រាប់ជនមានពិការភាព ជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានបន្តបំពេញបេសកកម្មតាមការអញ្ជើញភាគីជប៉ុន ដោយបានចូលរួមសិក្ខាសាលាអន្តរជាតិលើកទី៩ ស្តីពីការអប់រំជនមានតម្រូវការពិសេស ក្រោមប្រធានបទ “កសាងអនាគតនៃបរិយាបន្ន៖ ការអប់រំ ភាពចម្រុះ និងការគាំទ្រពីសហគមន៍ និងវប្បធម៌ចម្រុះ” ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា និងវិទ្យាស្ថានជាតិសម្រាប់អប់រំជនមានតម្រូវការពិសេស នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងហ៊ីរ៉ូស៊ីម៉ា។ សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកជំនាញមកពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី កម្ពុជា សាធារណៈរដ្ឋកូរ៉េ អូស្ត្រាលី និងសហរដ្ឋអាមេរិក ជាដើម។ ដើម្បីស្វែងយល់ពីការអប់រំបែបរួមបញ្ចូល សុខុមាលភាព ភាពចម្រុះវប្បធម៌ និងប្រព័ន្ធគាំទ្រផ្អែកលើសហគមន៍ពីទស្សនៈអន្តរកម្មនៃការសិក្សា អង្គសិក្ខាសាលាបានលើកឡើងអំពីនិន្នាការ និងបញ្ហាប្រឈមជាសកលនៃបរិយាបន្ន ព្រមទាំងបានណែនាំវិធីសាស្រ្តជាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនចំពោះសុខុមាលភាព និងយុត្តិធម៌សង្គម។
សូមគូសបញ្ជាក់ថា ក្រៅពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងការចូលរួមសិក្ខាសាលាអន្តរជាតិលើកទី៩ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានបន្តបំពេញទស្សនកិច្ចការងារមួយចំនួនទៀតតាមការអញ្ជើញរបស់ភាគីជប៉ុន មានជាអាទិ៍៖
- ទស្សនកិច្ចសិក្សា និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម Wakakusa En មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម Saijo និងមជ្ឈមណ្ឌល Momiji Welfare ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលផ្តល់ឱកាសការងារសម្រាប់ជនមានតម្រូវការពិសេស។
- ទស្សនកិច្ចសិក្សា និងពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Kawashima Yuko នាយិការងសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា និងលោកស្រីនាយិការបណ្ណាល័យសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា។
- ទស្សនកិច្ចសិក្សាសាលាសម្រាប់សិស្សមានតម្រូវការពិសេស ចាប់ពីកម្រិតបឋមសិក្សាដល់វិទ្យាល័យ និងជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានជាតិសម្រាប់អប់រំជនមានតម្រូវការពិសេស នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ ចែករំលែកពីឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការការងារជាមួយវិទ្យាស្ថានជាតិអប់រំពិសេស។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Students Association in Hiroshima - CSAH) និងពិសារអាហារសាមគ្គី តាមការអញ្ជើញរបស់សមាគមនិស្សិតខ្មែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈប្រតិភូ បានចែករំលែកអំពីសភាពការណ៍វិត្តន៍ថ្មីៗនៅក្នុងប្រទេសពាក់ព័ន្ធវិស័យអប់រំ ការពង្រឹងស្មារតីសាមគ្គីភាពនៃប្រជាជាតិខ្មែរគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ ជាពិសេសស្មារតីជនរួមជាតិខ្មែរ នៅជាមួយថ្នាក់ដឹកនាំ និងវីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងច្បាំងប្រឆាំងនឹងកងទ័ពសៀមឈ្លានពាន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី៕







