តាកែវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវឱ្យប្រើប្រាស់វិធីសាស្ត្រ ចរចាដើម្បីបញ្ចប់ការប្រយុទ្ធគ្នា រវាងរុស្ស៊ី និងអ៊ុយក្រែន ដោយសម្តេចតេជោ បានបញ្ជាក់ថា មានតែការចរចាមួយគត់ ដែលអាចបញ្ចប់សង្គ្រាមបាន គឺមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ (ភ្នំពេញ-ខេត្តកំពត) នៅព្រឹកថ្ងៃទី២ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីជំហរផ្ទាល់ខ្លួនសម្តេចថា ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន គឺសម្តេចមិនគាំទ្រការប្រើប្រាស់កម្លាំងទៅគំរាមកំហែងចំពោះប្រទេសណាមួយឡើយ។ ទាំងសម្តេច និងមិត្តចិន គឺសុទ្ធតែពិបាកក្នុងការបង្ហាញជំហរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្តេច បានស្នើឱ្យភាគីទាំងពីរ ធ្វើការសន្ទនាគ្នា ព្រោះមានតែការសន្ទនាគ្នាទេ ដែលអាចបញ្ចប់សង្គ្រាមបាន។
សម្តេចតេជោ មិនគាំទ្រចំពោះការផ្តល់អាវុធ ឬជំនួយយោធាទៅភាគីណាមួយទេ ដែលវានាំឱ្យសង្គ្រាមផ្ទុះកាន់តែធំ។
ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ដែលមកដល់ពេលនេះ មានរយៈពេល១សប្តាហ៍ហើយ៕អត្ថបទ៖ មុត សុទ្ធ



