កងទ័ពជើងទឹក កាលពីថ្ងៃចន្ទ (ទី២២ ខែធ្នូ) បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥នាក់ បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះរបស់កងទ័ពជើងទឹកម៉ិកស៊ិក បានធ្លាក់ក្នុងដែនទឹកនៃរដ្ឋ Texas របស់សហរដ្ឋអាមេរិក ខណៈពេលដែលកំពុងធ្វើការផ្ទេរវេជ្ជសាស្រ្ដ។
លេខាធិការដ្ឋានកងទ័ពជើងទឹកម៉ិកស៊ិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ៨នាក់ កំពុងធ្វើដំណើរនៅលើយន្តហោះនោះ ដែលធ្វើបេសកកម្មមនុស្សធម៌។
យោងតាមទីភ្នាក់ងារនេះបានបញ្ជាក់ថា មនុស្ស ២នាក់ បានរួចជីវិតពីឧបទ្ទវហេតុធ្លាក់យន្តហោះនេះ ខណៈដែលមនុស្ស ៥នាក់ផ្សេងទៀត បានបាត់បង់ជីវិត ដោយបានបង្កើនចំនួនអ្នកស្លាប់ពី ២នាក់ ដែលបានរាយការណ៍នៅមុននោះ។ លេខាធិការដ្ឋានបានបន្ថែមថា មនុស្សម្នាក់នៅយន្តហោះនេះ នៅតែបាត់ខ្លួនដដែល ទោះបីជាមានកិច្ចប្រឹងប្រែងស្វែងរកដោយឆ្មាំល្បាតឆ្នេរអាមេរិកក៏ដោយ។

ឧបទ្ទវហេតុនេះបានកើតឡើង ខណៈពេលយន្តហោះកំពុងទៅជិតដល់ទីក្រុង Galveston រដ្ឋ Texas។ បេសកកម្មដឹកជញ្ជូនផ្នែកវេជ្ជសាស្រ្ដឯកទេស ត្រូវបានសម្របសម្រួលជាមួយមូលនិធិម៉ិកស៊ិក ដែលថែទាំកុមារមានការរលាកធ្ងន់ធ្ងរ។
យោងតាមគេហទំព័រតាមដានការហោះហើរ Flight Radar យន្តហោះនេះបានហោះចេញពីទីក្រុង Merida ក្នុងរដ្ឋ Yucatan របស់ម៉ិកស៊ិក នៅវេលាម៉ោង ១៨:៤៦នាទី ម៉ោងសកល ហើយត្រូវបានកត់ត្រាចុងក្រោយនៅម៉ោង ២១:០១នាទី ម៉ោងសកល នៅឆកសមុទ្រ Galveston Bay ក្បែរអាកាសយានដ្ឋានអន្តរជាតិ Scholes៕


