រូបភាពវីដេអូឃ្លីបចែករំលែកនៅលើបណ្តាញព័ត៌មានសង្គម ឃើញទឹកទន្លេហូរប្រៀបច្រាំង នៅស្រុក Laroque ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង ក្រោយភ្លៀងធ្លាក់ខ្លាំងនៅទីនោះ ។
ទីភ្នាក់ងារឧតុនិយមបារាំង បានចេញការប្រកាសអាសន្នកម្រិតពណ៌ក្រហមសម្រាប់ស្រុក Herault ដោយសារជន់ទឹកនៅទន្លេ Herault ។

ភ្លៀងធ្លាក់ខ្លាំង ចាប់ផ្តើមវាយប្រហារតំបន់ភាគខាងត្បូងបារាំង ចន្លោះថ្ងៃទី ២០-២២ ខែធ្នូរនេះ ។ ស្រុកដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺស្រុក Gard, Ardèche និងស្រុក Lozère ។
យោងតាមការអះអាងរបស់សេវាកម្មសង្រ្គោះបន្ទាន់ បានឲ្យដឹងថា មាននូវជនរងគ្រោះដោយសារអាកាសធាតុអាក្រក់នេះ ហើយការខូចខាតសម្ភារៈធ្ងន់ធ្ងរ ត្រូវបានរកឃើញផងដែរ ។ នៅឃុំ Octon ស្ថិតក្នុងស្រុក Hérault ក្រុមជួយសង្រ្គោះ បានជួយរំដោះមនុស្សម្នាក់ ដែលជាប់ក្នុងរថយន្ត អំឡុងទឹកជំនន់ ។
នៅទីក្រុង Montpellier មនុស្សម្នាក់ បានរងរបួសស្រាល ដោយសារដើមឈើបាក់រលំកិន ។ នៅតំបន់ Larzac សេវាកម្មជួយសង្រ្គោះ បានរំដោះមនុស្ស ២នាក់ ចេញពីរថយន្តដែលជាប់ក្នុងទឹកហូរ ។ ផ្លូវសំខាន់ៗត្រូវបានបិទបណ្តោះអាសន្នផងដែរ ដោយសារទឹកជំនន់ ៕
