ពពកកង្វក់បរិយាកាសយ៉ាងក្រាស់ បានគ្របដណ្តប់ទីក្រុង Pljevlja របស់ប្រទេសម៉ុនតេណេហ្គ្រូ អស់រយៈពេល ១សប្តាហ៍មកហើយ ក្នុងនោះទីភ្នាក់ងារបរិស្ថាន បានចេញការព្រមានដល់ពលរដ្ឋនៅថ្ងៃអង្គារនេះ ឲ្យបន្តស្នាក់នៅក្នុងផ្ទះ ដោយសារស្ពាន់ធ័រឌីអុកស៊ីតមានកំហាប់កម្រិតខ្ពស់ក្នុងខ្យល់ ។
ជើងមេឃនៅទីក្រុងភាគខាងជើងមួយនេះ ឃើញមានម៉ាស៊ីនដ៏ធំមួយនៅអណ្តូងរ៉ែធ្យូងថ្ម និងរោងចក្រថាមពលកម្តៅ ដែលក្រុមអ្នកជំនាញនិយាយថា ជាប្រភពដ៏គ្រោះថ្នាក់នៃកង្វក់បរិយាកាស ដូចជាភាគល្អិត PM10 និង PM2.5 ។
ពេលដែលផ្សែងហុយចេញពីបំពង់ផ្សែង និងផ្សែងអ័ព្ទកាត់បន្ថយរយៈចម្ងាយមើលឃើញ ពលរដ្ឋនាំគ្នានិយាយថា គ្រួសារដែលប្រើប្រាស់ធ្យូងថ្ម និងអុសសើម គឺជាប្រភពនៃកង្វក់បរិយាកាស ។
អ្នកស្រី Hasan Vlahovljak គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Plevlja និយាយថា គ្រួសារទាំងនេះ បង្កភាពវឹកវរ ដោយសារពួកគេប្រើប្រាស់ធ្យូងថ្ម សម្រាប់កម្តៅផ្ទះរបស់ពួកគេ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០រហូតមក ពេលដែលអណ្តូងរ៉ែធ្យូងថ្ម ត្រូវបានបើក ។
ស្របពេលដែលតំបន់ជាច្រើននៅលើពិភពលោកឆ្ពោះទៅរកការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល កង្វក់បរិយាកាសនៅតាមបណ្តាប្រទេសតំបន់បាល់កង់ខាងលិច នៅតែមាន ដោយសារការកម្តៅគ្រួសារ រោងចក្រធ្យូងថ្មហួសសម័យ រថយន្តចាស់ៗ និងកង្វះខាតប្រាក់ ដើម្បីដោះស្រាយបញ្ហាគ្រួសារ ៕