រដ្ឋ New South Wales (NSW) ដែលមានប្រជាជនច្រើនបំផុតរបស់អូស្ត្រាលី នៅថ្ងៃពុធ (២៤ ធ្នូ) នេះ បានអនុម័តច្បាប់ថ្មីស្តីពីអាវុធ និងប្រឆាំងភេរវកម្ម ដ៏តឹងរ៉ឹងបំផុតមួយ បន្ទាប់ពីការបាញ់ប្រហារសម្លាប់រង្គាលនាពេលថ្មីៗនេះ នៅឆ្នេរ Bondi ទីក្រុងស៊ីដនី ដោយរឹតបន្តឹងការកាន់កាប់អាវុធ ហាមឃាត់ការបង្ហាញនិមិត្តសញ្ញាភេរវកម្មជាសាធារណៈ និងពង្រឹងអំណាចនគរបាលដើម្បីទប់ស្កាត់ការតវ៉ា។

សភារបស់រដ្ឋ NSW បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីអំពើភេរវកម្ម និងច្បាប់ផ្សេងទៀត បន្ទាប់ពីសភាជាន់ខ្ពស់អនុម័តសេចក្តីព្រាងច្បាប់នេះរួច ក្នុងសំឡេងគាំទ្រ ១៨ ទល់នឹង ៨។ ប្រមុខរដ្ឋ NSW លោក Chris Minns បានពណ៌នាថា នេះជាច្បាប់ដ៏តឹងរ៉ឹងបំផុតនៅអូស្ត្រាលី ហើយច្បាប់នេះកំណត់អាជ្ញាបណ្ណអាវុធសម្រាប់បុគ្គលត្រឹម ៤ដើម ខណៈកសិករនឹងត្រូវអនុញ្ញាតឱ្យមានកាំភ្លើងរហូតដល់ ១០ដើម។
ក្រៅពីនេះ នគរបាលនឹងត្រូវបានផ្តល់អំណាចបន្ថែមទៀតដើម្បីដាក់កម្រិតលើការតវ៉ា រហូតដល់ ៣ខែ បន្ទាប់ពីការវាយប្រហារភេរវកម្មដែលបានប្រកាស។ ចំណែកការដាក់តាំងបង្ហាញទង់ជាតិ និងនិមិត្តសញ្ញារបស់អង្គការសកម្មប្រយុទ្ធហាមឃាត់ ដូចជា ក្រុមរដ្ឋអ៊ិស្លាម ហាម៉ាស ឬហេសបូឡា ត្រូវចាត់ទុកថាខុសច្បាប់ ហើយជនល្មើសនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យជាប្រាក់ចំនួន ២២.០០០ដុល្លារអូស្ត្រាលី (ប្រមាណ ១៤.៧៤២ ដុល្លារអាមេរិក)។
ច្បាប់ដ៏តឹងតែងនេះបានកើតឡើងបន្ទាប់ពីការបាញ់ប្រហារនៅថ្ងៃទី១៤ ខែធ្នូ នៅពិធីបុណ្យ Hanukkah របស់ជនជាតិជ្វីហ្វ នៅឆ្នេរ Bondi ដ៏ល្បីល្បាញរបស់ទីក្រុងស៊ីដនី ជាទីដែលមនុស្ស ១៥នាក់ ត្រូវបាញ់សម្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតរបស់អូស្ត្រាលី ក្នុងពេលជិតបីទសវត្សរ៍មកនេះ៕


