មន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះជម្លោះពាក្យសម្ដីរវាងគ្នាទៅវិញទៅមក នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (២៣ ធ្នូ) លើលក្ខខណ្ឌសម្រាប់ការបន្តឡើងវិញនៃកិច្ចចរចានុយក្លេអ៊ែរ ដោយអាមេរិក បាននិយាយថា ខ្លួននៅតែត្រៀមរួចជាស្រេចសម្រាប់កិច្ចចរចាដោយផ្ទាល់ ប៉ុន្តែអ៊ីរ៉ង់ ច្រានចោលលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន។

ប្រទេសទាំងពីរបានធ្វើកិច្ចចរចានុយក្លេអ៊ែរ ៥ជុំមកហើយ ប៉ុន្តែបានជាប់គាំង ជុំវិញសង្គ្រាមរយៈពេល ១២ថ្ងៃរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ក្នុងខែមិថុនា ហើយនោះក៏ជាពេលដែលទីក្រុងវ៉ាស៊ីនតោន បានចូលរួម ដោយវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

លោកស្រី Morgan Ortagus អនុប្រេសិតប្រចាំតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក ប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖ ទីក្រុងវ៉ាស៊ីនតោន នៅតែត្រៀមរួចរាល់សម្រាប់កិច្ចចរចាផ្លូវការជាមួយអ៊ីរ៉ង់ ប៉ុន្តែលុះត្រាតែទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនសម្រាប់ការសន្ទនាដោយផ្ទាល់ និងប្រកបដោយអត្ថន័យ។ លោកស្រីបន្តថា៖ អាមេរិក បញ្ជាក់ច្បាស់ពីការរំពឹងទុកមួយចំនួនរួចហើយ ហើយសំខាន់បំផុត គឺមិនអាចមានការចម្រាញ់សារធាតុនុយក្លេអ៊ែរនៅអ៊ីរ៉ង់ជាដាច់ខាត ហើយនោះនៅតែជាគោលការណ៍របស់ទីក្រុងវ៉ាស៊ីនតោន។
លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានរិះគន់ទៅវិញខ្លាំងៗថា សហរដ្ឋអាមេរិក មិនចង់បានការបន្តចរចាបែបយុត្តិធម៌ស្មើភាពទេ។ លោកបន្តថា ភាគីអ៊ីរ៉ង់ ពេញចិត្តចំពោះកិច្ចចរចាដែលស្មើភាព និងប្រកបដោយអត្ថន័យ ប៉ុន្តែការទទូចលើគោលនយោបាយសារធាតុអ៊ុយរ៉ានីញ៉ូមស្មើសូន្យនេះ គឺផ្ទុយស្រឡះនឹងសិទ្ធិរបស់អ៊ីរ៉ង ក្នុងនាមជាសមាជិកនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ លោក Iravani សង្កត់ធ្ងន់ថា "អ៊ីរ៉ង់នឹងមិនចុះញ៉មចំពោះសម្ពាធ និងការគំរាមកំហែងណាមួយឡើយ"៕

